មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាលស្តីពី «បដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ» ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍

ខេត្តព្រះសីហនុ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រួមជាមួយ លោក តាយ ប៊ុនថុង ម្ចាស់រមណីយដ្ឋានព្រែកទឹកសាប (Toeksab Nature Table) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី «បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ» ដែលរៀបចំឡើងនៅរមណីយដ្ឋានធម្មជាតិព្រែកទឹកសាប ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបុគ្គលិក និងជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះផ្តោតសំខាន់លើ ការទទួលស្វាគមន៍ និងការបង្កើតចំណាប់អារម្មណ៍ល្អដល់ភ្ញៀវ របៀបនៃការបម្រើម្ហូបអាហារ និងភេសជ្ជៈតាមស្តង់ដារវិជ្ជាជីវៈ និងការគ្រប់គ្រងចំណីអាហារឱ្យមានគុណភាព និងសុវត្ថិភាពខ្ពស់។

ក្នុងឱកាសនោះដែរ លោកប្រធាមន្ទីរទេសរណ៍ខេត្តព្រះសីហនុ បានលើកឡើងថា ការពង្រឹងសមត្ថភាពបុគ្គលិកផ្នែកសេវាកម្ម គឺជាឆ្អឹងខ្នងនៃវិស័យទេសចរណ៍។ លោកបានកោតសរសើរដល់ម្ចាស់រមណីយដ្ឋាន ព្រែកទឹកសាប ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការវិនិយោគលើធនធានមនុស្ស ដែលវានឹងជួយជំរុញឱ្យខេត្តព្រះសីហនុក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងភាពទាក់ទាញបំផុត។

ចំណែកឯ លោក តាយ ប៊ុនថុង ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តផ្តល់សេវាកម្មល្អ និងរក្សានូវបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាលនៃរមណីយដ្ឋាន ដើម្បីផ្តល់នូវបទពិសោធន៍ដ៏រីករាយមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវដែលមកកម្សាន្តលេង៕

អត្ថបទ ៖ ស្រីមុំ