អតីតពលករ និងពលរដ្ឋខ្មែរជាង ២ពាន់នាក់បានចូលរួម ទទួលបានការងារ និងចុះឈ្មោះរៀនជំនាញបច្ចេកទេសក្នុងវេទិកាការងារនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

ភ្នំពេញ ៖ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋប្រមាណជាង ២ពាន់នាក់ បានចូលរួម ទទួលបានឱកាសការងារ និងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី១៦ ខែមីនាថា វេទិកាការងារនេះ មានអតីតពលករខ្មែរមកពីប្រទេសថៃ និងប្រជាពលរដ្ឋសរុបចំនួន ២ ៤៣២នាក់បានអញ្ជើញចូលរួមស្វែងរកការងារធ្វើ ក៏ដូចជាស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងឱកាសចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃផងដែរ។

ឯកឧត្តមបន្តថា ក្នុងឱកាសនោះ អតីតពលករមកពីប្រទេសថៃ និងប្រជាពលរដ្ឋបានចុះឈ្មោះចូលរៀនជំនាញសរុបចំនួន ២៤៨នាក់ ចំណែកអ្នកជាប់ការងារសរុប ៣៤៦នាក់ (តួលេខបឋម) ទទួលបានការងារពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗចំនួន ១០ ដែលបានចុះទៅផ្សព្វផ្សាយឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្មដល់មូលដ្ឋាន។

អ្នកនាំពាក្យរូបនេះ បានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋខ្មែរ ដែលមិនបានចូលរួមវេទិកាការងារលើកនេះ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ។

សូមរំឭកផងដែរថា គិតមកដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សរុបចំនួន ៦០១លើក ដែលបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃជាង ៦៣ម៉ឺននាក់៕