ជប៉ុនចាប់ផ្តើមបញ្ចេញប្រេងបម្រុងរបស់ខ្លួនទាំងរដ្ឋនិងវិស័យឯកជនដើម្បីដោះស្រាយកង្វល់ប្រេងឡើងថ្លៃបានរយៈពេល៤៥ថ្ងៃទៀត! ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែបន្ត

នៅថ្ងៃចន្ទនេះ ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញប្រេងបម្រុងរបស់ខ្លួនដែលមានតម្លៃស្មើនឹងការចំណាយប្រេងរយៈពេល ៤៥ ថ្ងៃ ដើម្បីទប់ទល់នឹងកង្វះខាតការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃប្រេងសាំងរបស់ពិភពលោក ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែបន្តឡើងកម្តៅ។ ការបញ្ចេញប្រេងនៅថ្ងៃចន្ទនេះបានធ្វើឡើងជាមួយនឹងប្រេងបម្រុងក្នុងវិស័យឯកជនរយៈពេល ១៥ ថ្ងៃ បន្ទាប់មកប្រេងដែលកាន់កាប់ដោយរដ្ឋគឺមានរយៈពេលមួយខែ ដែលមានចំនួនសរុបប្រហែល ៨០លានបារ៉ែល ឬប្រហែល១ភាគ៥នៃប្រេងបម្រុងក្នុងស្រុកសរុបរបស់ជប៉ុន។ ជប៉ុនបាននាំចូលប្រេងឆៅជាង ៩០ភាគរយពីមជ្ឈិមបូព៌ា។ ភាគច្រើននៃប្រេងទាំងអស់នោះចូលមកតាមរយៈច្រកសមុទ្រហ័រមូស ហើយការបិទទ្វារច្រកនេះរបស់អ៊ីរ៉ង់ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងក្នុងស្រុករបស់ជប៉ុនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានប្រកាសពីផែនការបញ្ចេញប្រេងកាលពីសប្តាហ៍មុន មុនពេលបញ្ចេញនៅថ្ងៃច័ន្ទនេះ។ អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុនលោក Minoru Kihara ក៏បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា “មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងដើម្បីបញ្ជូនកងកម្លាំងការពារខ្លួនរបស់ជប៉ុននោះទេ” បន្ទាប់ពីការអំពាវនាវរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដោយឲ្យប្រទេសនានា រួមទាំងជប៉ុនផងដែរ សូមបញ្ជូននាវាទៅជួយការពារច្រកសមុទ្រហ័រមូសដែលជាច្រកនាំប្រេងដ៏ធំ១របស់ពិភពលោក។ ថ្លែងនៅក្នុងសភា លោកស្រី Takaichi បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រី «មិនទាន់បានលេចឮពាក្យព័ត៌មានផ្លូវការអ្វីទាំងអស់» ពីទីក្រុងវ៉ាស៊ីនតោន។ រីឯរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយថា លោកមិនមានគម្រោងបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz នោះទេក្រោមលក្ខខណ្ឌដើម្បីរក្សាសុវត្ថិភាពច្រកនេះនាពេលបច្ចុប្បន្ន៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ