អ៊ីរ៉ង់និយាយថាទីតាំងវប្បធម៌ចំនួន៥៦កន្លែងត្រូវខូចខាតក្នុងសង្រ្គាមវាយប្រហាររបស់អាម៉េរិក និង អ៊ីស្រាអែលត្រឹមតែរយៈពេល២សប្តាហ៍! និងបណ្តាលឱ្យជនជាតិអ៊ីរ៉ង់ស្លាប់ជាង ១៣០០នាក់ហើយ

យោងតាមក្រសួងបេតិកភណ្ឌវប្បធម៌របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានបញ្ជាក់ឲ្យដឹងថាទីតាំងវប្បធម៌ជាង ៥០កន្លែង នៅក្នុងប្រទេសត្រូវបានរងនូវការខូចខាតខ្លាំងក្នុងរយៈពេល ២សប្តាហ៍មកនេះ បន្ទាប់ពីការវាយប្រហារយ៉ាងសន្ធប់ ពីសំណាក់កងយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃដំបូងទី២៨ខែកុម្ភៈ បន្តដល់ថ្ងៃនេះគឺចូលដល់ថ្ងៃទី១៦ហើយ។ ក្រសួង បាននិយាយទៀតថា ទីតាំងសរុបចំនួន៥៦កន្លែងនេះ រួមមានសារមន្ទីរជាតិ និងផ្សារបុរាណ អគាររដ្ឋាភិបាលប្រវត្តិសាស្ត្រ និងវិហារអ៊ីស្លាមដែលប្រជាជនអ៊ីរ៉ង់តែងតែមានការជួបជុំរាប់មិនអស់នៅក្នុងប្រទេស។ ក្នុងចំណោមការខូចខាតទាំងនោះក៏មានវិមាន Golestan សម័យ Qajar ដ៏ប្រណិតនៅក្នុងទីក្រុងតេអេរ៉ង់ និងវិហារអ៊ីស្លាម Shah Abbas និងវិមាន Chehel Sotoun ដែលបានបន្សល់ទុកតាំងពីសតវត្សរ៍ទី ១៧ នៅទីក្រុង Isfahan ថែមទៀតផង។ ក្រសួងបានបន្ថែមថា ក្រៅពីនោះក៏មានទីតាំងនានានៅក្នុងតំបន់ Kurdistan, Lorestan និង Kermanshah ក៏រងផលប៉ះពាល់ផងដែរដោយសារសង្រ្គាមដែលភាគីចំនួន២វាយប្រហារមកលើពួកគេ។ UN បានបញ្ជាក់ថាចំនួនមនុស្សស្លាប់នៅតែកើនឡើងពីកម្តៅនៃសង្រ្គាមនេះដោយក្នុងនោះពលរដ្ឋអ៊ីរ៉ង់ជាង ១៣០០នាក់ ត្រូវស្លាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម រាប់បញ្ជូលទាំងយោធាអ៊ីរ៉ង់ចំនួន១០៤នាក់ ដែលត្រូវបានអាម៉េរិកវាយប្រហារនៅលើនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងនៅឯឆ្នេរសមុទ្រស្រីលង្កាកាលពីថ្ងៃទី៤ខែមីនាកន្លងទៅ។ ខណៈដែលនៅលីបង់វិញមានមនុស្សស្លាប់កើនដល់ជាង៦៨០នាក់ ក្រោមការវាយប្រហាររបស់អ៊ីស្រាអែលសំដៅសងសឹកក្រុងហេបូឡា ដែលអ៊ីរ៉ង់នៅពីក្រោយ ហើយអង្គការសុខភាពពិភពលោកក៏បានបញ្ជាក់ថាក្នុងចំណោមអ្នកស្លាប់នោះមានកុមារ ៩៨នាក់ ថែមទៀតផង៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ