លោក Trump បានទាមទារឱ្យប្រទេសចំនួន៧ចូលរួមត្រួតពិនិត្យច្រកសមុទ្រ Hormuz ឱ្យដំណើរការឡើងវិញ! ខណៈសង្រ្គាមចូលដល់ថ្ងៃទី១៦ហើយ ប្រេងសាំងនៅមានតម្លៃខ្ពស់ដដែល
មកដល់ថ្ងៃនេះសង្រ្គាមរវាងអាម៉េរិក អ៊ីស្រាអែល និង អ៊ីរ៉ង់បានចូលដល់ថ្ងៃទី១៦ហើយ ស្របពេលដែលតម្លៃប្រេងសាំងនៅមានតម្លៃខ្ពស់ដដែល ដោយសារភាពតានតឹងនៃសង្រ្គាមរបស់ពួកគេនៅតំបន់មជ្ឈឹមបូព៌ាជាពិសេសគឺការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ដែលជាតំបន់ជួញដូរប្រេងដ៏ធំមួយរបស់ពិភពលោកដែរ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានទាមទារឱ្យប្រទេសប្រហែលជា៧ សូមបញ្ជូននាវាចម្បាំងរបស់ខ្លួនដើម្បីថែរក្សាច្រកសមុទ្រ Hormuz ឱ្យបើកឡើងវិញ ប៉ុន្តែការអំពាវនាវរបស់លោកហាក់ដូចជាមិនបាននាំមកនូវការប្តេជ្ញាចិត្តណាមួយឡើយពីសំណាក់ប្រទេសនោះទេ ខណៈដែលតម្លៃប្រេងសាំងនៅតែកើនឡើងខ្ពស់អំឡុងពេលអាម៉េរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់។ លោកប្រធានាធិបតីបានបដិសេធមិនបញ្ចេញឈ្មោះប្រទេសដែលបានពឹងផ្អែកខ្លាំងលើថាមពលប្រេងឆៅនៅតំបន់មជ្ឈិមបូព៌ានោះទេ ដោយរដ្ឋបាលរបស់លោកគ្រាន់តែបញ្ជាក់ថាកំពុងចរចាជាមួយពួកគេ ដើម្បីចូលរួមជាមួយសម្ព័ន្ធភាពអាម៉េរិក និងដើម្បីត្រួតពិនិត្យផ្លូវទឹកដែលមានប្រេងប្រហែលជា១ភាគ៥ដែលត្រូវបានជួញដូរនៅលើពិភពលោកឲ្យដំណើរការឡើងវិញតាមរយៈច្រកនេះ។ លោក Trump បាននិយាយអំពីច្រកសមុទ្រនេះថា “ខ្ញុំកំពុងទាមទារឱ្យប្រទេសទាំងនេះចូលមកការពារទឹកដីរបស់ពួកគេ ពីព្រោះវាជាទឹកដីរបស់ពួកគេ” ដោយអះអាងថាវាជាច្រកដឹកជញ្ជូនមិនមែនជាអ្វីដែលសហរដ្ឋអាមេរិកត្រូវការដោយសារតែការចូលប្រើប្រាស់ប្រេងសាំងផ្ទាល់ខ្លួននោះទេ។ លោក Trump បានបញ្ជាក់ជាមួយនឹងសំណួររបស់អ្នកយកព័ត៌មានបែបនេះ នៅមុនពេលដែលលោកត្រូវហោះហើរចេញដំណើរត្រឡប់ពីរដ្ឋ Florida ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញពីនៅលើយន្តហោះ Air Force One របស់លោក។ លោក Trump បានបង្ហើបបន្ថែមថា៖ ប្រទេសចិនទទួលបានប្រេងប្រហែល ៩០% របស់ខ្លួនពីច្រកសមុទ្រនេះ ខណៈដែលសហរដ្ឋអាមេរិកទទួលបានបរិមាណតិចតួចបំផុត ស្របពេលដែល លោកបានបដិសេធមិនពិភាក្សាលម្អិតថាតើប្រទេសចិននឹងចូលរួមជាមួយសម្ព័ន្ធភាពដែលលោកបានស្នើសុំឬអត់នោះទេ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



