រដ្ឋមន្រ្តីអប់រំ ក្នុងបរិបទសតវត្សទី២១នេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការងារ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងថា ក្នុងបរិបទសតវត្សទី២១នេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការងារ ក្នុងនោះដែរ ក៏បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងរដ្ឋ និងឯកជន ឱ្យបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគាំទ្រដល់ដំណើរការរៀន និងបង្រៀន ព្រមទាំងការគ្រប់គ្រងសាលារៀន ដើម្បីឆ្លើយតបទៅនឹងបរិបទនៃសតវត្សទី២១។ ការលើកឡើងនេះ មានគោលបំណងជំរុញការអភិវឌ្ឍវិស័យអប់រំឱ្យសមស្របនឹងការវិវត្តនៃបច្ចេកវិទ្យាទំនើប និងបង្កើនគុណភាពនៃការអប់រំ ស្របតាមតម្រូវការនៃសង្គមឌីជីថល។

ថ្លែងក្នុងមហាសន្និបាត និងពិធីទទួលស្គាល់ស្នាដៃល្អគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី ១៥ ខែមីនា ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ៖«ដូចនេះសាលារៀនរដ្ឋ និងឯកជន ត្រូវបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រដល់ការរៀន និងបង្រៀន ក៏ដូចជាការគ្រប់គ្រង។ ប៉ុន្តែ សមត្ថភាព បទពិសោធ និងវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅតែជាចំណុចសំខាន់ដែលបញ្ញាសិប្បនិម្មិត (AI) មិនទាន់អាចជំនួសបានឡើយ»។

ឯកឧត្តមបានណែនាំឱ្យវិស័យឯកជនគួរបង្កើនកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យ ដើម្បីបំប៉នវិធីសាស្ត្របង្រៀនថ្មីៗ ដូចជាវិធីសាស្ត្រសាលារៀនជំនាន់ថ្មី ដែលបណ្តុះឱ្យសិស្សចេះវិភាគ និងមានបញ្ញាស្មារតីរឹងមាំ សំដៅធានាបាននូវតុល្យភាពរវាងវិជ្ជាសម្បទា កាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទាសម្រាប់អ្នកសិក្សាក្នុងយុគសម័យថ្មី។ លោកបានលើកឡើងថា«កំណែទម្រង់សាលារៀនរបស់ក្រសួងគឺមិនសំដៅតែលើសាលារដ្ឋនោះទេ សាលាឯកជនក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវសមធម៌ និងគុណភាពអប់រំសម្រាប់សិស្សានុសិស្សគ្រប់រូប»។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហព័ន្ធសេវាអប់រំ និងវិស័យអប់រំឯកជន ដែលបានចូលរួមចំណែកក្នុងការជ្រោមជ្រែងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងអរគុណចំពោះការផ្តល់ថវិកា ព្រមទាំងការគាំទ្រដល់បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននាពេលកន្លងមក ដែលសបញ្ជាក់ពីស្មារតីស្នេហាជាតិខ្ពស់៕