ក្រុមការងារប៉ាម៉ានី ដើម្បីកុមារកំពង់ស្ពឺ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារប៉ាម៉ានី ប្រមាណ៤៥នាក់ ដឹកនាំដោយឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ , ក្រុមការងារចុះជួយឃុំជាំសង្កែ , គណៈកម្មាធិការគណបក្សឃុំជាំសង្កែ , សាខាបក្សភូមិ ក្រុមចលនាភូមិទាំង៩ និងលោកគ្រូ អ្នកគ្រូនៃសាលាទាំង៣ ក្នុងឃុំជាំសង្កែ សរុបប្រមាណ១៧០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះសមាសភាពទាំងអស់ ដែលបានអញ្ជើញចូលរួម ជាពិសេសឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ដែលបានដឹកនាំក្រុមការងារប៉ាម៉ានីរៀបចំកម្មវិធីនេះឡើង។

សូមជម្រាបជូនផងដែរថា ក្រុមការងារប៉ាម៉ានីបានរៀបចំពិធីប្រគល់ទទួលរូបថត បានចំនួន ២៣ឃុំ/សង្កាត់ ដោយរាប់បញ្ចូលទាំងឃុំជាំសង្កែនេះ ក្នុងនោះកុមារចំនួន ៤១៦៥៨នាក់ បានទទួលរូបថតរបស់ខ្លួនរួចហើយ ដោយនៅសល់កុមារចំនួន ៩៤៣៤នាក់ ក្រុមការងារកំពុងរៀបចំជាបន្តបន្ទាប់ ដើម្បីផ្តល់នូវអនុស្សាវរីយ៍ដ៏មានអត្ថន័យក្នុងវ័យកុមារភាពជូនសិស្សានុសិស្សទូទាំងខេត្តកំពង់ស្ពឺ។

បន្ទាប់ពីបញ្ចប់ការសំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ានី បានចុះដោយផ្ទាល់ដល់ខ្នងផ្ទះ យករូបថតទៅប្រគល់ដល់ដៃកូនៗរបស់ប៉ាម៉ានី និងឆ្លៀតឱកាសសួរសុខទុក្ខ លើកទឹកចិត្តកូនៗ ក៏ដូចជាផ្តាំផ្ញើដល់ឪពុកម្តាយអាណាព្យាបាល ឱ្យខិតខំថែទាំកូនចៅ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនៗ ដើម្បីអនាគតរបស់ពួកគេផ្ទាល់ ក៏ដូចជាក្លាយជាសសរទ្រូងសម្រាប់ក្រុមគ្រួសារ និងជាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ៕