ឯកឧត្តម ឈួរ សុបញ្ញា ៖ សម្ពោធផ្លូវបេតុង និងអគារមត្តេយ្យសិក្សាសហគមន៍ បង្ហាញពីសាមគ្គីអភិវឌ្ឍមូលដ្ឋានដោយសមិទ្ធផលមូលដ្ឋាន គឺជាគ្រឹះសម្រាប់ការរីកចម្រើនរបស់សង្គម និងអនាគតរបស់ជំនាន់ក្រោយ

ខេត្តកំពង់ស្ពឺ-ឃុំស្រង់-នាព្រឹកថ្ងៃអាទិត្យ ១២ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនិងកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ ដែលមានទំហំទទឹង ៦ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ព្រមទាំង អគារមត្តេយ្យសិក្សាសហគមន៍មួយខ្នង ស្ថិតនៅភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការចូលរួមពី ព្រះភិក្ខុ មាស ចន្ថា ព្រះចៅអធិការវត្តអង្គតាភេម លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រង់ លោកស្រីអភិបាលរងស្រុក លោកមេឃុំស្រង់ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប ដែលបានអញ្ជើញចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យសម្រាប់សហគមន៍មូលដ្ឋាន។ ផ្លូវបេតុងដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងជួយកាត់បន្ថយការលំបាកក្នុងរដូវភ្លៀង និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងសហគមន៍។ ជាមួយគ្នានេះ ការកសាងអគារមត្តេយ្យសិក្សាសហគមន៍ ក៏ជាការវិនិយោគដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំកម្រិតដំបូង សម្រាប់កុមារតូចៗនៅក្នុងភូមិ និងតំបន់ជិតខាង។

ក្នុងឱកាសនោះ ព្រះភិក្ខុ មាស ចន្ថា ព្រះចៅអធិការវត្តអង្គតាភេម បានមានសង្ឃដីកាថា សមិទ្ធផលផ្លូវ និងអគារមត្តេយ្យសិក្សានេះ គឺជាផលនៃសាមគ្គីរបស់ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបានរួមចំណែកគ្នាដើម្បីអភិវឌ្ឍមូលដ្ឋាន និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ ព្រះអង្គក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តថែរក្សាសមិទ្ធផលទាំងនេះឱ្យបានល្អ ដើម្បីប្រយោជន៍រួមរបស់សហគមន៍។

ចំណែក លោកមេឃុំស្រង់ បានលើកឡើងថា ផ្លូវបេតុង និងអគារមត្តេយ្យសិក្សាសហគមន៍នេះ គឺជាសមិទ្ធផលដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋក្នុងភូមិថ្លុកដូនស ដែលនឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន និងការសិក្សារបស់កុមារក្នុងមូលដ្ឋាន។ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រុមការងារ និងសប្បុរសជនទាំងអស់ដែលបានជួយគាំទ្រការអភិវឌ្ឍមូលដ្ឋាន។

លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រង់ បានថ្លែងផងដែរថា ក្នុងនាមលោកជាប្រធានក្រុមការងារពិតជារីករាយជាមួយអជ្ញាធរឃុំ និងប្រជាជនឃុំចំពោះសមិទ្ធផលនៅថ្ងៃនេះ។ លោកបន្តទៀតថា ការអភិវឌ្ឍមូលដ្ឋានគឺជាកិច្ចការសំខាន់ដែលត្រូវការការចូលរួមពីគ្រប់ភាគី។ ការសាងសង់ផ្លូវ និងអគារមត្តេយ្យសិក្សានេះ គឺជាភស្តុតាងបង្ហាញពីស្មារតីសាមគ្គី និងការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបាននាំយកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ជូនចំពោះថ្នាក់ដឹកនាំមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះ។ ពិធីសម្ពោធនេះបានបង្ហាញយ៉ាងច្បាស់ពី ស្មារតីសាមគ្គី និងកិច្ចសហការរវាងព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋាន ឱ្យមានភាពរីកចម្រើន និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ឯកឧត្តមក៏បានផ្តាំផ្ញើមតិរួមចំណែកដល់អង្គពិធីនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានថា៖

១. សូមប្រជាពលរដ្ឋទាំងអស់បន្ត ថែរក្សាសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

២. សូមបន្ត ចូលរួមថែរក្សា និងប្រើប្រាស់សមិទ្ធផលសាធារណៈ ដូចជាផ្លូវ និងអគារសិក្សា ឱ្យបានល្អប្រសើរ ដើម្បីឱ្យសមិទ្ធផលទាំងនេះអាចប្រើប្រាស់បានយូរអង្វែងសម្រាប់សហគមន៍។

៣. សូមបន្ត រួមគ្នាគាំទ្រការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ពិសេសការយកចិត្តទុកដាក់លើការអប់រំកុមារតាំងពីវ័យក្មេង ដែលជាគ្រឹះសម្រាប់អនាគតរបស់សង្គមជាតិ។