ឯកឧត្តមបណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងខ្សែច្រវាក់ផលិតកម្មម្ទេសផ្អែម (Sweet Palermo) នៅកសិដ្ឋាន Fresh West ប្រទេសណូវែលហ្សេឡង់
(ណូវែលហ្សេឡង់)៖ រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦, ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មនៅប្រទេសណូវែលហ្សេឡង់ ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋាន Fresh West ដែលជាកសិដ្ឋានមានឯកទេសខ្ពស់ក្នុងការដាំដុះម្ទេសផ្អែម (Sweet Palermo)។
ក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តមបណ្ឌិត បានពិនិត្យយ៉ាងលម្អិតលើប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន និងបច្ចេកទេសដាំដុះដែលផ្តល់នូវទិន្នផល ខ្ពស់គួរឱ្យកត់សម្គាល់៖
១- កសិដ្ឋានប្រើប្រាស់ផ្ទៃដីប្រមាណ ០,៧០ ហិកតា និងបានគ្រប់គ្រងទិន្នផលយ៉ាងល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការថែទាំ ប្រមូលផល និងវេចខ្ចប់។
២- តាមរយៈការអនុវត្តបច្ចេកទេសទំនេីប កសិដ្ឋាននេះទទួលបានទិន្នផលលើសពី ១,៣ លានកញ្ចប់ក្នុង១ឆ្នាំ ដែលជាតួលេខខ្ពស់។
៣- ផលិតផលម្ទេសផ្អែមត្រូវបានចែកចាយទៅទីផ្សារ ក្នុងតម្លៃបោះដុំជាមធ្យម ២,៨ NZD (ប្រមាណ ១,៦២ ដុល្លារអាមេរិក) ក្នុងមួយកញ្ចប់ ហេីយមានតម្រូវការទីផ្សារខ្ពស់។
តាមការចុះ ពិនិត្យជាក់ស្តែង, ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះម៉ូដែលកសិកម្មរបស់ Fresh West ដែលអាចផ្តល់ទិន្នផលខ្ពស់លើផ្ទៃដីតូច។ ឯកឧត្តមមានបំណងនាំយក និងជំរុញការផ្សព្វផ្សាយបច្ចេកទេសដាំដុះម្ទេសផ្អែម (Sweet Palermo) នេះ មកអនុវត្តនៅក្នុងប្រទេសកម្ពុជា ដើម្បីជាជម្រើសថ្មីសម្រាប់កសិករខ្មែរក្នុងការបង្កើនផលិតភាព កាត់បន្ថយការនាំចូលកសិផលពីបរទេស និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មបែបទំនើបដែលផ្តល់តម្លៃបន្ថែមខ្ពស់ជូនដល់បងប្អូនកសិករខ្មែរ។
ទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការស្វែងរកគំរូកសិកម្មជោគជ័យពីបណ្តាប្រទេសជឿនលឿន ដើម្បីការពង្រឹងវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់៕



