បដិវត្តន៍ថាមពលបៃតង៖ ផែនការ “ស្ថានីយ១០០កន្លែង ទីតាំងសាក១០០០កន្លែង ” របស់ក្រុមហ៊ុន ZO MOTORS បានជួយគាំទ្រយុទ្ធសាស្ត្របណ្តាញអគ្គីសនីបៃតង

(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជាសម្រេចបាននូវមោទនភាពថ្មីតាមរយៈការបង្កើនសមាមត្រ ថាមពលស្អាតក្នុងបណ្តាញអគ្គិសនីជាតិរហូតដល់ ៦៣% នៅដើមឆ្នាំ២០២៦ ក្រុមហ៊ុន  ZO MOTORS បានប្រកាសពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រយានយន្តអគ្គីសនី យ៉ាងគំហុកតាមរយៈគម្រោងយុទ្ធសាស្ត្រ ” ស្ថានីយ១០០កន្លែង ទីតាំងសាក១០០០កន្លែង ” (100 Stations, 1000 Charging Points) ។

ផែនការមេនេះ មានគោលបំណងលុបបំបាត់ទាំងស្រុងនូវក្តីបារម្ភលើចម្ងាយបើកបរ (Range Anxiety) ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម តាមរយៈការបង្កើតបណ្តាញស្ថានីយសាកថ្មល្បឿនលឿន (Fast Charging) ដែលមានដង់ស៊ីតេខ្ពស់បំផុតនៅទូទាំងប្រទេស។

យោងតាមផែនការលម្អិតរបស់ក្រុមហ៊ុន ZO MOTORS វឌ្ឍនភាពនៃរចនាសម្ព័ន្ធសាកថ្មត្រូវបានបែងចែកជាដំណាក់កាលដូចខាងក្រោម៖

● ឆ្នាំ២០២៥៖ បានបញ្ចប់ការសាងសង់ស្ថានីយសាកថ្មចំនួន ៣០ទីតាំងជាស្ថាពរ។

● ឆ្នាំ២០២៦៖ ពង្រីកបន្ថែមចំនួន ២០០ ទីតាំងបន្ថែមទៀតនៅក្នុងឆ្នាំនេះ។

● ឆ្នាំ២០២៧៖ នឹងបញ្ចប់ការដំឡើង ៧០ ទីតាំងចុងក្រោយដើម្បីបង្គ្រប់ផែនការមេ។

បណ្តាញនេះនឹងគ្របដណ្តប់លើបណ្តាក្រុងសំខាន់ៗ ខ្សែក្រវ៉ាត់សេដ្ឋកិច្ចយុទ្ធសាស្ត្រ និងមជ្ឈមណ្ឌលភស្តុភារកម្មធំៗ ដោយបង្កើតបានជា “ប្រព័ន្ធអេកូឡូស៊ីថាមពល” ដ៏មានប្រសិទ្ធភាពសម្រាប់រថយន្តពាណិជ្ជកម្ម។

ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្រុមហ៊ុន ZO MOTORS បានឈានដល់កិច្ចព្រមព្រៀងស្ដីពីកិច្ចស ហប្រតិបត្តិការជាមួយ ធនាគារ ABA ដែលជាគ្រឹះស្ថានធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា។ បច្ចុប្បន្ន គ្រប់ស្ថានីយសាកថ្មរបស់ក្រុមហ៊ុន ZO MOTORS ទាំងអស់ត្រូវបានភ្ជាប់ជាមួយប្រព័ន្ធទូទាត់ KHQR ដែលអនុញ្ញាតឱ្យអ្នកបើកបរអាចស្កេនទូទាត់ប្រាក់បានភ្លាមៗប្រកបដោយសុវត្ថិភាព និងរហ័សទាន់ចិត្ត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនេះដោយលោកបានគូសបញ្ជាក់ថា៖ ការគិតគូរជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ZO MOTORS គឺស្របគ្នាទាំងស្រុងទៅនឹង គោលនយោបាយកំណែទម្រង់វិស័យថាមពលអគ្គិសនីរបស់រាជរដ្ឋាភិបាល។ ការអនុវត្តទស្សនទាន ‘ អគ្គីសនីបៃតង និង យានយន្តបៃតង ‘ មិនត្រឹមតែ   ជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលប្រេងឥន្ធនៈហ្វូស៊ីលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយថ្លៃដើមនៃប្រតិបត្តិការភស្តុភារកម្ម ដែលជាគ្រឹះដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។”