ប្រទេសប៉េរូបញ្ជាក់ថាមានមនុស្ស៣នាក់ស្លាប់ និងបាត់ខ្លួន៥នាក់! បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាដែលជះឥទ្ធិពលពីបាតុភូតធម្មជាតិ El Niño

យ៉ាងហោចណាស់មានមនុស្ស ៣នាក់ស្លាប់ និង៥នាក់ផ្សេងទៀតបាត់ខ្លួននៅឡើយនៅក្នុងប្រទេសប៉េរូ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដោយសារតែឥទ្ធិពលពីសីតុណ្ហភាពមហាសមុទ្រកើនឡើង ដែលអាជ្ញាធរសន្មត់ថាជាការប្រែប្រួលអាកាសធាតុដែលគេស្គាល់ថាជាបាតុភូត «El Niño»។ លោកស្រី Denisse Miralles ជានាយកខុទ្ធការល័យគណៈរដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលបានប្រកាសអាសន្ននៅទូទាំងក្រុង ដែលមានជាងពាក់កណ្តាលនៃប្រទេសគឺឈានដល់ ៦២% ហើយ។ វិធានការនេះបានធ្វើឱ្យមានការបែងចែកថវិកាសង្រ្គោះយ៉ាងឆាប់រហ័សដល់អាជ្ញាធរមូលដ្ឋាន និងតំបន់ ដើម្បីការពារស្ពាន ផ្លូវថ្នល់ សេវាផ្គត់ផ្គង់ទឹក និងអគ្គិសនី ព្រមទាំងដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋដែរ។ គ្រឿងចក្រធុនធ្ងន់បានកាយយកកំទេចកំទីចេញពីផ្លូវធំដែលមានឈ្មោះថា Ayna San Francisco ដែលលិចទឹក និងជាកន្លែងដែលមនុស្ស២នាក់បាត់ខ្លួនចាប់តាំងពីថ្ងៃម្សិលមិញ ស្ថិតនៅក្នុងស្រុក Ayna ក្រោយពីទឹកទន្លេ Sankirhuato ហៀរចេញក្រៅ។ មនុស្សទី៣នៅតែបាត់ខ្លួនដដែលនៅក្នុងស្រុក Sitacocha។ ប្រធានការពារជនស៊ីវិល លោក Luis Vásquez បានប្រាប់អ្នកយកព័ត៌មានថា មនុស្ស៣នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកចំនួន៣ផ្សេងគ្នា ដោយសារស្ពានដួលរលំលើ ដីល្បាប់បានអូសផ្ទះ និងរថយន្តក្រុង។ សពជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានរកឃើញពីក្នុងរថយន្តក្រុងដែលខូចខាតមួយគ្រឿងនៅសង្កាត់ La Peña Llorona ខណៈដែលអាជ្ញាធរនៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិត ជាកន្លែងដែលមនុស្ស៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួនដែរ។ “El Niño” គឺជាបាតុភូតការឡើងកំដៅជាវដ្ត និងពីធម្មជាតិនៃតំបន់អេក្វាទ័រប៉ាស៊ីហ្វិក ដែលបន្ទាប់មកវាបានផ្លាស់ប្តូរទៅជាគំរូអាកាសធាតុអាក្រក់របស់ពិភពលោកថែមទៀតផង៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ