អំឡុងពេលដែលតម្លៃប្រេងឥន្ធនៈពិភពលោកឡើងខ្ពស់ ដោយសារការបិទច្រកសមុទ្រ Hormuz នៅមជ្ឈឹមបូព៌ា! ជាហេតុធ្វើឱ្យច្រកព្រែកប៉ាណាម៉ាទទួលចំណាប់អារម្មណ៍ខ្លាំងសម្រាប់ចរាចរណ៍ផ្លូវទឹក
លោក Ricaurte Vásquez អ្នកគ្រប់គ្រងតំបន់ព្រែកប៉ាណាម៉ាបាននិយាយថា ជម្លោះនៅមជ្ឈិមបូព៌ា និងថ្លៃប្រេងឥន្ធនៈកើនឡើងអាចផ្តល់អត្ថប្រយោជន៍ដល់ផ្លូវទឹកអន្តរមហាសមុទ្របាន ខណៈដែលក្រុមហ៊ុនដឹកជញ្ជូនសកលកំពុងស្វែងរកផ្លូវកាត់ជាងនេះនិងមានសុវត្ថិភាពជាងច្រកនោះដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយ AP លោក Vásquez បាននិយាយថា តម្លៃថាមពល ប្រេងឥន្ធនៈ និងថ្លៃនាវាចរណ៍ខ្ពស់ជាងអាចធ្វើឱ្យតំបន់ព្រែកប៉ាណាម៉ាក្លាយជាជម្រើសដ៏ទាក់ទាញបំផុតសម្រាប់ការធ្វើចរាចរណ៍ពាណិជ្ជកម្ម។ លោក Vásquez បាននិយាយថា “នៅពេលដែលថ្លៃដើមកើនឡើង ជាទូទៅគឺនៅពេលដែលតម្លៃប្រេងឥន្ធនៈសមុទ្រកើនឡើងដែរ ព្រែកប៉ាណាម៉ានឹងក្លាយជាផ្លូវដ៏ទាក់ទាញជាងគេ”។ តម្លៃប្រេងបានកើនឡើងអំឡុងពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលនាំឱ្យមានការបិទច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្នដោយរដ្ឋអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ក្នុងនោះមានប្រហែល១ភាគ៥នៃប្រេងឥន្ធនៈរបស់ពិភពលោកត្រូវឆ្លងកាត់ផ្លូវទឹកជាយុទ្ធសាស្ត្រនេះ។ ប្រសិនបើថ្លៃថាមពលខ្ពស់នៅតែបន្ត នោះការដឹកជញ្ជូនទំនិញឆ្លងកាត់ប៉ាណាម៉ាអាចកាត់បន្ថយការធ្វើដំណើរពី ៣ទៅ១៥ថ្ងៃ អាស្រ័យលើផ្លូវទឹកជាក់ស្តែង ខណៈដែលមានការកាត់បន្ថយនូវការប្រើប្រាស់ប្រេងឥន្ធនៈ។ លោកបានមានប្រសាសន៍ថា តម្លៃប្រេងឥន្ធនៈខ្ពស់ត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់សេវាកម្មកប៉ាល់កុងតឺន័រ កប៉ាល់ដឹកទំនិញធំៗ និងកប៉ាល់ដឹកប្រេងដែលដឹកឧស្ម័នធម្មជាតិរាវផងដែរ។ ប្រសិនបើការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាត្រូវបានរំខាន នោះការដឹកជញ្ជូនអាចនឹងត្រូវបានជំនួសវិញដោយប្រភពផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក គឺអាចប្តូរទិសទៅជាទំនិញរាវប្រភេទ (LNG) បានមួយចំនួនពីអឺរ៉ុបទៅអាស៊ី តាមរយៈប្រទេសប៉ាណាម៉ារបស់យើង។ ចំណែកលោក Gerardo Bósquez ជានាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មសមុទ្រប៉ាណាម៉ា បាននិយាយថាជម្លោះនេះដែលអូសបន្លាយ ហើយវាក៏អាចនឹងផ្លាស់ប្តូរផ្លូវពាណិជ្ជកម្មសកល បានដែរ ដោយសារការដឹកជញ្ជូនឧស្ម័នគឺស្ថិតនៅក្នុងចំណោមផ្នែកទាំងអស់ដែលនាំឲ្យមានការទទួលប្រយោជន៍បានច្រើន ។ លោក Vásquez បានព្រមានថា ការផ្លាស់ប្តូរណាមួយនឹងមិនកើតឡើងភ្លាមៗទេ ហើយវាគឺនឹងអាស្រ័យលើរយៈពេលដែលប្រតិបត្តិករដឹកទំនិញតែងរំពឹងថាជម្លោះនិងអស្ថិរភាពនៅតំបន់ឈូងសមុទ្រមានរយៈពេលយូរនោះដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



