ក្រុមហ៊ុន BS Transportation ក្លាយជាដៃគូឧបត្ថម្ភធំរបស់ក្លិបបាល់ទាត់ វិសាខា

ក្លិបកីឡាបាល់ទាត់ វិសាខា និងក្រុមហ៊ុន BS Transportation and Trading នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MoU) ក្នុងនាមក្រុមហ៊ុនឧបត្ថម្ភធំ(Main Sponsor) របស់ក្លិប ជាមួយគោលដៅសហការរយៈពេលវែង។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅកីឡដ្ឋានវិសាខា ដោយមានការអញ្ជើញចូលរួមពីកញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបកីឡាបាល់ទាត់ វិសាខា និងលោកស្រី យូ វលក្ខណ៍ អគ្គនាយិកាក្រុមហ៊ុន BS Transportation and Trading ដោយមានការចូលរួមជាសក្ខីភាពពីគណៈគ្រប់គ្រង ក្រុមការងារ និងកីឡាករ-កីឡាការិនីរបស់ក្លិប ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារក្រុមហ៊ុនជាច្រើនផងដែរ។

ថ្លែងក្នុងពិធីចុះ MoU ខាងលើ កញ្ញា អ៊ូ បញ្ញាសុកិត្យា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយក្រៃលែង សម្រាប់កិច្ចសហការលើភាពជាដៃគូឧបត្ថម្ភធំរបស់ក្រុមហ៊ុន BS Transportation ដែលជាជំហានដ៏៏សំខាន់សម្រាប់ការរួមចំណែកអភិវឌ្ឍក្លិប និងវិស័យកីឡាបាល់ទាត់កម្ពុជា។ ទោះបីក្រុមហ៊ុន ទើបបើកដំណើរការអាជីវកម្មនៅកម្ពុជា តែផ្អែកលើបេសកកម្មដ៏ច្បាស់លាស់របស់ក្រុមហ៊ុន កញ្ញារំពឹងថា កិច្ចសហការនេះ នឹងមានរយៈពេលវែង ក្នុងការដើររួមគ្នា ដើម្បីបាល់ទាត់កម្ពុជា។

កញ្ញាអគ្គនាយិកាក្លិបន្ដថា «ខ្ញុំសូមប្រកាសថា ក្រុមហ៊ុន BS Transportation and Trading នឹងក្លាយជាម្ចាស់ឧបត្ថម្ភធំរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ចាប់ពីរដូវកាលឆ្នាំ២០២៦ តទៅ ហើយខ្ញុំសង្ឃឹមថា ការឧបត្ថម្ភរបស់ក្រុមហ៊ុនថ្មីនេះ នឹងជួយឲ្យក្លិបដំណើរការអភិវឌ្ឍន៍ដោយរលូន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ។ ជាមួយគ្នា ក្លិបក៏ប្ដេជ្ញាក្នុងការខំប្រឹង ដើម្បីឈ្នះពានរង្វាន់នានា ដើម្បីមានឱកាសទៅលេងលើឆាកអន្ដរជាតិ ហើយនាំយកស្លាកសញ្ញា BS ទៅកាន់ឆាកអន្ដរជាតិផងដែរ»។

ជាមួយគ្នា លោកស្រី យូ វលក្ខណ៍ បានបង្ហាញនូវមោទនភាព និងការជឿជាក់ ក្នុងកិច្ចសហការជាមួយ វិសាខា ដែលជាជំហានថ្មីមួយសម្រាប់ក្រុមហ៊ុន ក្នុងការរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា។ ក្នុងនាមក្រុមហ៊ុនផ្ដល់នូវសេវាកម្មដឹកជញ្ជូនឈានមុខមួយនៅកម្ពុជា ក្រៅពីការផ្ដល់ឱកាសការងារ និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច ក្រុមហ៊ុនក៏នឹងបែងចែកចំណូល សម្រាប់ជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ឲ្យកាន់តែរីកចម្រើន និងកសាងធនធានមនុស្សប្រកបដោយគុណភាព តាមរយៈវិស័យកីឡានេះ។

លោកស្រីបានបង្ហាញសុទិដ្ឋិនិយមទៀតថា «នាងខ្ញុំជឿជាក់កិច្ចសហការនេះ នឹងរួមចំណែកផ្សព្វផ្សាយ អំពីសេវាកម្មរបស់ក្រុមហ៊ុនយើងខ្ញុំទៅដល់អ្នកដែលគាំទ្រវិស័យកីឡា ក៏ដូចជាមជ្ឈដ្ឋានផ្សេងៗកាន់តែទូលំទូលាយ តាមរយៈកេរ្ដិ៍ឈ្មោះរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ដែលមានអាយុកាល ១០ឆ្នាំ និងកំពុងបំពេញបេសកកម្មដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយមុខមាត់កិត្តិយសជាតិ តាមរយៈកីឡាបាល់ទាត់»។

ទន្ទឹមជាមួយការចាប់ដៃគូសហការឧបត្ថម្ភធំនេះដែរ ទាំងក្លិប និងក្រុមហ៊ុន បានប្ដេជ្ញាផ្ដល់នូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក រួមទាំងគម្រោងថ្មីៗជាច្រើន ដូចជាការរៀបចំពានរង្វាន់ Pre-Season ជាដើម ដែលក្លិបគ្រោងនឹងរៀបចំកាន់តែពិសេស ក្រោយបញ្ចប់រដូវកាលឆ្នាំ២០២៥/២៦ ដើម្បីអបអរសាទរខួប ១០ឆ្នាំផង និងជាការសាទរដល់កិច្ចសហការជាមួយម្ចាស់ឧបត្ថម្ភធំ គឺក្រុមហ៊ុន BS Transportation and Trading ផង៕