ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បញ្ជាក់នូវគោលជំហរបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាបន្តសេវាសុខាភិបាលចាំបាច់ និងការពារសុខភាពប្រជាពលរដ្ឋកម្ពុជា។
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នា២០២៦ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល ឱសថ សម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្ត ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក(WHO) ជូនក្រសួងសុខាភិបាល ដើម្បីគាំទ្រការឆ្លើយតបសុខាភិបាល ចំពោះសហគមន៍ដែលរងផលប៉ះពាល់ដោយស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា–ថៃ។
ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ និងសម្ភារៈ វេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវា ព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល បានថ្លែងអំណរគុណ ចំពោះអង្គការសុខភាពពិភពលោក សម្រាប់ការគាំទ្រ ទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងការឆ្លើយតបចំពោះគ្រោះអាសន្នសុខភាពនានា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា សម្ភារៈទទួលបាននាពេលកន្លងមក និងនៅពេលនេះ នឹងត្រូវបានចែកចាយទៅកាន់បណ្តាខេត្តដែលរងផលប៉ះពាល់រួចហើយ ខណៈសម្ភារៈដែលនៅសេសសល់នឹងត្រូវចែកចាយទៅកាន់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅតំបន់រងផលប៉ះពាល់ក្នុងពេលឆាប់ៗនេះ ហើយផ្នែកមួយនឹងត្រូវរក្សាទុកសម្រាប់ពង្រឹងការត្រៀមខ្លួនឆ្លើយតប ចំពោះវិបត្តិសុខភាពនាពេលអនាគត។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះការគាំទ្របន្តរបស់អង្គការសុខភាពពិភពលោក WHO ក្នុងការពង្រឹងការតាមដានជំងឺ កម្មវិធីចាក់ថ្នាំបង្ការ ការបង្ការនិងគ្រប់គ្រងការឆ្លងរោគ ការផ្សព្វផ្សាយ សារអប់រំសុខភាព និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត និងសេវាជំនួយផ្លូវចិត្តសង្គម សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។



