សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃ យុទ្ធសាស្រ្តអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា
នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្តីពី ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃ យុទ្ធសាស្រ្តអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ជាង៣០០ នាក់ បានចូលរួមផ្ទាល់និងចូលរួមតាមប្រព័ន្ធអនឡាញជាច្រើនទៀត។
សូមបញ្ជាក់ថា សិក្ខាសលានាថ្ងៃនេះ គឺជាឱកាសនៃការតាំងចិត្តរួមគ្នា បន្តរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមនានា ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ហើយតាមរយៈការធ្វើបទបង្ហាញនូវប្រធានបទសំខាន់ៗ ព្រមទាំងកិច្ចពិភាក្សា សំណួរ ចម្លើយ និងអនុសាសន៍ល្អៗនានា នាពេលបន្តិចទៀតនេះ សុទ្ធសឹងជាធាតុចូល ជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការរៀបចំគោលនយោបាយដើម្បីបម្រើដល់ ឧត្តមប្រយោជន៍ជាតិ និងប្រជាជនយើង ។សិក្ខាសាលានៅថ្ងៃនេះដែរមិនមែនគ្រាន់តែជាវេទិកាដើម្បី ប្រមូលធាតុចូល និងមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃ យុទ្ធសាស្រ្តអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីស្មារតីរួបរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីបង្កើតបរិយាកាសអនុគ្រោះដល់ការវិនិយោគ និងធុរកិច្ច ធ្វើសុខុដុមនីយកម្មច្បាប់និងគោលនយោបាយជាតិ ព្រមទាំងត្រៀមលក្ខណៈឱ្យកម្ពុជាបន្តឈរជើងបានយ៉ាងរឹងមាំ ក្នុងបរិបទនៃការគំរាមកំហែងដោយ សង្គ្រាម ភូមិសាស្ត្រនយោបាយ ការប្រែប្រួលពិបាកប៉ាន់ស្មាន សេដ្ឋកិច្ចឌីជីថល និងការប្រកួតប្រជែង សកល។
មានប្រសាសន៍នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា ដើម្បីឈានទៅសម្រេចបានបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមួយដែលមានរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល ហើយមានភាពធន់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន។ សម្តេចប្រធានរដ្ឋសភា មានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រៅពីបទអន្តរាគមន៍គន្លឹះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ នឹងការចូលរួមក្នុងកិច្ចពិភាក្សា និងសួរដេញដោលឱ្យបានផុលផុស ដើម្បីយល់ច្បាស់អំពីសមិទ្ធផលសម្រេចបាន និងកង្វះខាតនានា ហើយត្រូវរួមគ្នាគិតគូរឱ្យបានស៊ីជម្រៅ អំពីដំណោះស្រាយគន្លឹះ ក្នុងការប្រែក្លាយបញ្ហាប្រឈមទាំងនេះទៅជាកាលានុវត្តភាព សម្រាប់ការរៀបចំ និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា ឱ្យមានប្រសិទ្ធភាព និងសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់បន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ភាពធន់ជាតិ គឺជាសមត្ថភាពដ៏រឹងមាំរបស់ជាតិ ក្នុងការទប់ទល់រាល់វិបត្តិដែលកើតឡើងជាយថាហេតុ ក៏ដូចជាការស្ដារឡើងវិញនូវស្ថានភាពជាតិឱ្យមានភាពល្អប្រសើរឡើងឆាប់រហ័ស ហើយបន្តអភិវឌ្ឍខ្លួនឱ្យកាន់តែរីកចម្រើនសម្រាប់ថ្ងៃអនាគត។ដើម្បីសម្រេចបាននូវភាពធន់នេះ ចាំបាច់ត្រូវមានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ មានសាមគ្គីភាព និងឯកភាពសង្គមជាធ្លុងមួយ រួមជាមួយនឹងប្រសិទ្ធភាពនិងសមត្ថភាពនៃស្ថាប័នជាតិ ព្រមទាំងទស្សនវិស័យជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់។
សិក្ខាសាលានេះរៀបចំឡើង ស្របពេលដែលពិភពលោកកំពុងច្របូកច្របល់ ហ៊ុមព័ទ្ធដោយសង្គ្រាម ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផលិតកម្ម ថាមពល ឧស្សាហកម្ម កសិកម្ម ស្បៀង និងអាកាសចរណ៍ ជាដើម។ លើសពីនេះ កម្ពុជាក៏បាន និងកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានប្រដាប់អាវុធធុនធ្ងន់ ឃោរឃៅ ព្រៃផ្សៃ រំលោភច្បាប់អន្តរជាតិ ពីប្រទេសថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចរបស់ជាតិ។សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្នុងកាលៈទេសៈបែបនេះ ក្នុងនាមតំណាងរាស្ត្រ ដែលតំណាងឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ ហើយគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមដឹកនាំនាវាកម្ពុជាឆ្លងកាត់ព្យុះភ្លៀង បោះពួយទៅមុខ ដោយមានទំនុកចិត្ត និងភាពប្រាកដប្រជា តាមរយៈចក្ខុវិស័យ និងយុទ្ធសាស្ត្រជាតិច្បាស់លាស់។ សម្តេចសង្កត់ធ្ងន់ថា សំណួរគន្លឹះដ៏សំខាន់ សម្រាប់យើងទាំងអស់នៅថ្ងៃនេះ គឺថា«តើយើងត្រូវប្រែក្លាយបញ្ហាប្រឈម និងការលំបាកដែលយើងកំពុងជួបប្រទះនាពេលនេះ ទៅជាកាលានុវត្តភាព និងភាពធន់របស់ជាតិ ដោយរបៀបណា?» នេះជាចំណោទ ប្រស្នា ដែលសម្ដេចប្រធានរដ្ឋសភាស្នើសុំឱ្យអង្គសិក្ខាសាលាពិភាក្សាឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ហើយដាក់ចេញជាដំណោះស្រាយ ដែលអាចអនុវត្តបាន និងចេញជាលទ្ធផលផ្លែផ្កា សម្រាប់ជាតិមាតុភូមិជាទីស្រឡាញ់របស់យើង៕



