«សូមប្រមាលមើលនូវចំណុចវិជ្ជមាន អវិជ្ជមាន ដើម្បីដឹងពីគោលដៅនៃការដើរឆ្ពោះទៅមុខ» ទស្សនវិស័យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការជំរុញការអភិវឌ្ឍសុខាភិបាលឌីជីថល
រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញសុខាភិបាលឌីជីថល ដើម្បីជំរុញការអភិវឌ្ឍការងារសុខាភិបាលឌីជីថល ឱ្យកាន់តែមានភាពល្អប្រសើរ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងបរិបទនៃការរីកចម្រើនជាសកល។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីចំណុចគន្លឹះ និងផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗ ដើម្បីសម្រេចបាននូវបរិវត្តកម្មសុខាភិបាលឌីជីថលប្រកបដោយជោគជ័យ រួមមាន៖
១) ការចូលរួម និងនវានុវត្តន៍៖ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីអ្នកជំនាញ ការអនុវត្តជាក់ស្តែង និងការចាប់យកកាលានុវត្តភាពថ្មីៗប្រកបដោយនវានុវត្តន៍ សំដៅបង្កើនប្រសិទ្ធភាព គុណភាព និងផលិតភាពការងារ
២) ការស្រាវជ្រាវ និងបច្ចុប្បន្នភាព៖ ត្រូវយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវពីស្ថាប័នជាតិ-អន្តរជាតិ និងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធឌីជីថលជាប្រចាំ ដើម្បីបម្រើដល់ការលើកកម្ពស់សុខុមាលភាពប្រជាជន
៣) ចក្ខុវិស័យយុទ្ធសាស្រ្ត (រយៈពេលខ្លី និងវែង)៖ សង្កត់ធ្ងន់លើកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍ និងអភិបាលកិច្ច ដែលរួមមាន ការពង្រឹងធនធានមនុស្ស ការបំពាក់ឧបករណ៍សម្ភារៈចាំបាច់ និងការលើកកម្ពស់កិច្ចសហការជាមួយវិស័យឯកជន។



