ប្រជាពលរដ្ឋភៀសសឹកដែលរងផលប៉ះក្នុងភូមិសាស្ត្រជម្លោះព្រំដែន ទទួលបានអំណោយសប្បុរសធម៌ ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសប្បុរសជន
ការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកចំនួនសរុប ១,២៥៦គ្រួសារ ស្មើនឹង ៤,៦៥៣នាក់ ក្នុងនោះ ស្រ្តី ២,៣៤៦នាក់ និងកុមារ ១,២៨៤នាក់ ដែលរងផលប៉ះក្នុងភូមិសាស្ត្រជម្លោះព្រំដែន ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព នៅវត្តច័ន្ទស៊ី ដែលរៀបចំជូនដោយអាជ្ញាធរមូលដ្ឋាន នៅក្នុងខេត្តបន្ទាយមានជ័យ នៅតែទទួលបានការចិត្តទុកដាក់ និងទទួលបានអំណោយសម្បុរសធម៌ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន រួមទាំងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច តាមរយះកម្មវិធីស្បៀងអាហារពិភពលោក មូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំប្រទេសកម្ពុជា គម្រោងលើកកម្ពស់កិច្ចគាំពារសង្គម និងសុខភាពរបស់ GIZ អមដំណើរដោយ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ រួមនិងថ្នាក់ដឹកនាំ ព្រមទាំងមន្ទីរពាក់ព័ន្ធ និងថ្នាក់ដឹកនាំនៃ ស.ស.យ.ក វិស័យសង្គមកិច្ច។
ឯកឧត្តម ជា សុមេធី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលលោកតែងតែមានការក្តីព្រួយបារម្ភ និងរួមចំណែកជួយសម្រាលការលំបាកលើបញ្ហាជីវភាពរស់នៅរបស់ប្រជាពលជនភាសសឹក។
ឯកឧត្តមរដ្ឋមន្ត្រី បានស្ងើចសរសើរចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋទូទៅ ដែលបានគាំទ្រចំពោះកងទ័ព និងប្រជាពលរដ្ឋភៀសសឹក តាមរយៈការចូលរួមគាំទ្រ និងជួយឧបត្ថម្ភកន្លងមក។ កម្ពុជាយើង ត្រូវការសន្តិភាព និងមិនចង់បានសង្គ្រាមនោះឡើយ តែខាងភាគីទាហានថៃ រំលោភបំពានម្តងហើយ ម្តងទៀត ធ្វើឱ្យយើងរស់នៅដោយមិនបានសុខសាន្ត យើងគ្មានជម្រើសទេ ព្រោះថៃបាញ់សង្គ្រប់មកលើយើង ហើយកងកំលាំងយើងក៏ត្តូវការប្រើសិទ្ឋិបាញ់តបតការពារខ្លួន និងដើម្បីការពារអធិបតេយ្យភាពបូរណ ភាពទឹកដីពីការរំ លោភ បំពានមកលើយើងវិញផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងដោះស្រាយ ជួយទ្រទ្រង់ជីវភាពជូនប្រជាពលរដ្ឋដែលត្រឡប់ទៅភូមិឋានវិញ ជួយជួសជុល និងធ្វើផ្ទះជូនអ្នករងគ្រោះ ដែលខូចខាតផ្ទះ ក៏ដូចជាបន្តជួយគាំទ្រជីវភាពអ្នក ដែលបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព ដូចនៅទីនេះស្រាប់។ រាជរដ្ឋាភិបាល បានបង្កើតនូវសំណាញ់សុវត្ថិភាព ដើម្បីអន្តរាគមន៍ទាំងការស្តារជីវភាព ស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង រក្សាលំនឹងជីវភាព ហើយបន្ថែមពីនេះ គឺគិតគូរដល់ការផ្តល់ជាដើមទុន ក្នុងការកសាង និងរក្សានៅនិរន្តរភាពសម្រាប់ការរស់នៅផងដែរ។
ដូច្នះយើងទាំងអស់គ្នា ត្រូវមានជំនឿលើការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេស ក្រោមការដឹកនាំដ៏ម៉ឺងមាត់ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកងទ័ពរបស់យើងក្នុងការពារបូរណភាពទឹកដី និងគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងតាមរយៈការទូត។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលបន្ទាយមានជ័យ ក៏បានលើកឡើងថា ខេត្តបន្ទាយមានជ័យមានព្រំប្រទល់ជាប់ប្រទេសថៃប្រវែង១៥៣គីឡូម៉ែត្រ។ ដោយសារមហិច្ឆតាលោភលន់ឥតអៀនខ្មាស់របស់ រដ្ឋាភិបាល កងទ័ព និងប្រជាជនជ្រុលនិយមមួយចំនួនរបស់ប្រទេសថៃនោះ បានបង្កឱ្យមានអរិភាព ឈានដល់ការធ្វើសង្គ្រាមឈ្លានពានទាំងកម្រោលពីសំណាក់ភាគីថៃ មកលើដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា តាមរយៈការបញ្ឆេះភ្លើងសង្គ្រាម និងប្រព្រឹត្តអំពើឈ្លានពានរំលោភទឹកដី បានបង្កមហន្តរាយលើគ្រប់ទិដ្ឋភាពជាច្រើននៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យបាត់បង់ជីវិត និងរងរបួសជនស៊ីវិលស្លូតត្រង់ បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ ខូចខាតនូវហេដ្ឋារចនាសម្ព័នសាធារណៈ រួមមាន ផ្លូវធ្វើដំណើរ ប្រពន្ធអគ្គិសនី ប្រព័ន្ធទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទីតាំងអាជីវកម្ម ទីអារាមសាសនា និងលំនៅដ្ឋាន-ដីកសិកម្មជាដើម។



