អភិបាលខេត្តព្រះសីហនុ ជំរុញយុទ្ធនាការ «សម្អាតផ្ទះ» ដើម្បីលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងការអនុវត្តតាមសារាចរលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ៣៖
• យុទ្ធនាការសម្អាតផ្ទះ៖ ការបង្ក្រាបបទល្មើស Online Scams គឺជាការរួមគ្នាសម្អាតផ្ទះឱ្យបានស្អាត ដើម្បីលុបបំបាត់សេដ្ឋកិច្ចខ្មៅ និងជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ បទល្មើសនេះមិនត្រឹមតែមិនផ្ដល់ប្រយោជន៍ដល់សង្គមទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេសជាតិទៀតផង។

ឯកឧត្តមបានអំពាវនាវឱ្យអាជ្ញាធរក្រុង-ស្រុក កងកម្លាំង និងមន្ទីរអង្គភាពពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយសារាចរលេខ ០៣ ដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់ទីតាំងនានា ឱ្យចូលរួមរាយការណ៍ និងសហការបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាព និង ស្នើឱ្យបងប្អូនប្រជាពលរដ្ឋជៀសឆ្ងាយពីការងារដែលពាក់ព័ន្ធនឹងការឆបោក ហើយងាកមកចាប់យកអាជីពដែលត្រឹមត្រូវស្របតាមច្បាប់កំណត់។

ឯកឧត្តមបានណែនាំឱ្យអភិបាលក្រុងព្រះសីហនុ និងក្រុងកំពង់សោម បន្តតាមដាន និងត្រួតពិនិត្យសកម្មភាព Online Scams ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់បំផុត។

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី