បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បើកកិច្ចប្រជុំ ក្រុមការងារ “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច  រវាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន

នាព្រឹកថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជា សហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” មកពីខាងផ្នែកឯកជន បានសហការដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា ក្រុម«ឃ» នៃភាគីរាជរដ្ឋាភិបាល និង សមាជិក-សមាជិកា ក្រុម «ឃ»ផ្នែកឯកជន មកពីសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអន្តរជាតិព្រមទាំងតំណាងក្រុមហ៊ុន និង សមាគមធុរកិច្ចជាតិ និង អន្តរជាតិ ។ 

ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរក៏ដូចជា ដើម្បីដាក់ចេញវិធានការដោះស្រាយសមស្របជូនវិស័យឯកជននៅក្នុងប្រទេសកម្ពុជា, កិច្ចប្រជុំត្រូវបានរៀបចំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ បានពិនិត្យពិភាក្សាលើរបៀបវារៈ ចំនួន ៨ រួមមាន :

១. ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់, 

២. ការស្នើសុំកម្រៃសេវារបស់ក្រុមហ៊ុនអន្តរការីធានារ៉ាប់រង គឺជាចំណូលមិនជាប់អាករ,

៣. ពន្ធនាំចេញលើការប្រមូលរ៉ែទង់ដែង, 

៤. ការលក់ក្រៅព្រំដែនកម្ពុជា, 

៥. ការប្រមូលពន្ធលើផ្ទាំងផ្សព្វផ្សាយ, 

៦. នីតិវិធីក្នុងការប្រកាសការបង់អាករលើតម្លៃបន្ថែម, 

៧. ការបង្កើតក្របខ័ណ្ឌសម្រាប់ការប្រកាសផ្សាយនូវបទប្បញ្ញតិ្ត និងលិខិតបទដ្ឋានគតិយុត្ត, និង

៨. ការបង្កើតស្ថាប័នជំនាញសម្រាប់ដោះស្រាយបញ្ហាវិវាទលើបំណុលដែ លមានកិច្ចធានា ។

ដើម្បីឆ្លើយតបនឹងសំណូមពររបស់ផ្នែកឯកជន, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ បទប្បញ្ញត្តិ យន្តការស្ថាប័ន និងវិធានការនានា ដើម្បីដោះស្រាយនិង ឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន ទាំងកម្រិតនយោបាយ កម្រិតថ្នាក់ដឹកនាំ និង កម្រិតបច្ចេកទេស ។ សំណូមពរ និងអនុសាសន៍របស់វិស័យឯកជន ត្រូវបានទទួលយកមកសិក្សា និងជាធាតុចូលសម្រាប់បន្តពិភាក្សា ស្វែងរកដំណោះស្រាយបន្ថែម ។ ជាលទ្ធផល, អង្គប្រជុំបានឆ្លើយបំភ្លឺ និងដោះស្រាយសំណូមពររបស់វិស័យឯកជន ព្រមទាំង ប្រគល់ភារកិច្ចជូនក្រសួង-ស្ថាប័ន និងវិស័យឯកជនដែលមានការពាក់ព័ន្ធ អនុវត្តតាមការសម្រេចរបស់អង្គប្រជុំ ។  លេខាធិការដ្ឋាននៃក្រុមការងារ ត្រូវបន្តតាមដានជាមួយក្រសួង-ស្ថាប័ន ជំរុញការអនុវត្តនូវការសម្រេចរបស់អង្គប្រជុំ ដោយសកម្ម និង ការទទួលខុសត្រូវ ។

កិច្ចប្រជុំថ្ងៃនេះ, គឺជាការរួមចំណែកនូវកិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការរួមគ្នា រវាងរាជរដ្ឋាភិបាល និង វិស័យឯកជន ក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ខណៈដែលកម្ពុជាបាន និង កំពុងទទួលរងផលប៉ះពាល់ពីខាងក្រៅក្នុងពេលថ្មីៗនេះ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមការងារទាំងខាង រាជរដ្ឋាភិបាល ពិសេស អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ក៏ដូចជា ខាងវិស័យឯកជន ដែលកន្លងមកបានធ្វើកិច្ចសហការល្អ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ហើយបានអនុញ្ញាតឱ្យមានការពិភាក្សាដោយបើកចំហរ រវាងភាគីវិស័យឯកជន និង រាជរដ្ឋាភិបាល លើរបៀបវារៈទាំង ៨ខាងលើ ។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរចំពោះឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសហសេវិក ទាំងផ្នែករាជរដ្ឋាភិបាល ទាំងផ្នែកដៃគូវិស័យឯកជនដែលបានចូលរួមកិច្ចប្រជុំ ។