ដើម្បីលើកកម្ពស់សោភ័ណភាព និងសក្តានុពលតំបន់ទេសចរណ៍ អាជ្ញាធរខេត្តកែប ត្រៀមបើកការដ្ឋានស្ថាបនាផ្លូវបេតុងជុំវិញភ្នំអង្កោលតូច

ខេត្តកែប ៖ ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានចុះត្រួតពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងនៅជុំវិញភ្នំអង្កោលតូច ដែលស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ។

ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បានឲ្យដឹងថា រូបលោកដែលជាអ្នកទទួលបន្ទុកផ្ទាល់ បានជំរុញអាជ្ញាធរក្នុងមូលដ្ឋាន និងបានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាឱ្យបានត្រឹមត្រូវក្នុងការស្ថាបនាផ្លូវឲ្យបានល្អបំផុត។

ឯកឧត្តមអភិបាលរងខេត្តកែប បន្ថែមថា គម្រោងធ្វើផ្លូវបេតុងនៅជុំវិញភ្នំអង្កោលតូចមួយនេះ ត្រូវមានគុណភាពផ្លូវ គឺជាអាទិភាពចម្បង ដើម្បីធានាឱ្យសំណង់នេះប្រើប្រាស់បានយូរអង្វែង បម្រើដល់ផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ការស្ថាបនាផ្លូវបេតុងជុំវិញភ្នំអង្កោលតូចនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយក្នុងការលើកកម្ពស់សោភ័ណភាព និងសក្តានុពលតំបន់ទេសចរណ៍នៅក្នុងស្រុកដំណាក់ចង្អើរ ឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕