មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធផលសមិទ្ធិផល ១០ឆ្នាំ និងដាក់ចេញទិសដៅដើម្បីពង្រឹងគុណភាពសេវាព្យាបាលជាបន្ត

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានរៀបចំពិធីបើកសន្និបាតបូកសរុបវឌ្ឍនភាព និងសមិទ្ធិផលការងាររយៈពេល ១០ឆ្នាំ (២០១៦-២០២៥) និងលើកទិសដៅផែនការប្រតិបត្តិសម្រាប់ឆ្នាំ ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅសណ្ឋាគារហ្គាឌិនស៊ីធី ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។

ក្នុងរបាយការណ៍ដែលជម្រាបជូនដោយ ឯកឧត្តម សាស្ត្រាចារ្យ តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានបង្ហាញឱ្យឃើញនូវការវិវត្តន៍គួរឱ្យកត់សម្គាល់របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេសព្យាបាល និងការឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋក្នុងកម្រិតស្ដង់ដារខ្ពស់។ ដំណើរវិវត្តន៍ដ៏វែងឆ្ងាយរបស់មន្ទីរពេទ្យ ឯកឧត្តមបានគូសបញ្ជាក់ថា រយៈពេល ១០ឆ្នាំនេះ គឺជាដំណាក់កាលនៃការផ្លាស់ប្តូរមុខមាត់ថ្មី របស់មន្ទីរពេទ្យព្រះកុសុមៈ ក្រោមការជួយជ្រោមជ្រែងពីក្រសួងសុខាភិបាល និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មន្ទីរពេទ្យបានប្រែក្លាយទៅជាមជ្ឈមណ្ឌលព្យាបាលទំនើប ដែលមានសមត្ថភាពសង្គ្រោះជីវិតប្រជាពលរដ្ឋបានរាប់ម៉ឺននាក់។
ក្នុងនាមជានាយកមន្ទីរពេទ្យ ឯកឧត្តមបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា មន្ទីរពេទ្យមិនត្រឹមតែពង្រីកផ្នែកសំណង់អគារប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើនការបំពាក់ឧបករណ៍វេជ្ជសាស្ត្របច្ចេកវិទ្យាចុងក្រោយ និងការបណ្តុះបណ្តាលធនធានមនុស្សឱ្យដើរទាន់សកលលោក ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់មន្រ្តី និងបុគ្គលិកទាំងអស់ ដែលបានរួមសុខរួមទុក្ខជាមួយគ្នា រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យមន្ទីរពេទ្យព្រះកុសុមៈ ក្លាយជាទីបង្អែកដ៏កក់ក្តៅបំផុតមួយសម្រាប់សុខភាពសាធារណៈ។

​ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដែលបានខិតខំពុះពារបម្រើសេវាជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖
-ការពង្រីកសេវាព្យាបាល និងមនសិការ៖ ត្រូវចងចាំថា «ការឈឺចាប់ និងទុក្ខរបស់អ្នកជំងឺ គឺជាការឈឺចាប់ និងទុក្ខរបស់មន្ត្រីសុខាភិបាល»។

-ការពង្រឹងសមត្ថភាព៖ ត្រូវបន្តបណ្ដុះបណ្ដាលសមត្ថភាពនិងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងធ្វើធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។

-ទិសស្លោក «ពេញបី» សម្រាប់ការអនុវត្តការងារ៖ 1.ពេញសមត្ថភាព 2.ពេញម៉ោងពេល  3.ពេញទទួលខុសត្រូវ ។

ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹក និងកោតសរសើរដល់មន្ត្រីសុខាភិបាលដែលជា «វីរៈកងទ័ពអាវស» ដែលធ្លាប់បានលះបង់យ៉ាងធំធេង ក្នុងអំឡុងពេលសង្គ្រាមការពារអធិបតេយ្យភាពជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា ខណៈប្រជាពលរដ្ឋត្រូវបានជម្លៀសចេញ ក្រុមគ្រូពេទ្យបែរជាត្រូវរត់ចូលសមរភូមិក្នុងឈុតពណ៌ស ដើម្បីសង្គ្រោះជីវិតកងទ័ព និងប្រជាជនដែលរងគ្រោះដោយភ្លើងសង្គ្រាម ដែលនេះគឺជាពលិកម្មមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ។

កម្មវិធីបន្ទាប់ ជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈដែលមានស្នាដៃឆ្នើម ដោយបានបំពាក់នូវគ្រឿងឥស្សរិយយស ព្រមទាំងមេដាយការងារ ដែលបានខិតខំបំពេញភារកិច្ចដោយជោគជ័យក្នុងរយៈពេលកន្លងមក។ សន្និបាតនេះនឹងបន្តប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែមីនា ដើម្បីពិភាក្សា និងសម្រួចទិសដៅការងារឆ្នាំ ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕