ធនាគារ ABA បើកសម្ពោធអគារថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករ និងវិនិយោគិន
ខេត្តព្រះសីហនុ៖ អគារថ្មីរបស់សាខាធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវកា នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ។ សាខាធនាគារ (ABA)
ថ្មីនេះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងកំពង់សោម (សង្កាត់បិតត្រាំង)។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ធនាគារ ABA ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ៖
• ជំរុញសេដ្ឋកិច្ចមូលដ្ឋាន៖ ផ្តល់សេវាហិរញ្ញវត្ថុដ៏ទំនើប និងគួរឱ្យទុកចិត្តជូនដល់អតិថិជន និងវិនិយោគិន។
• បង្កើតការងារ៖ ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់កម្រិតជីវភាព។
• គាំទ្រយុទ្ធសាស្ត្ររដ្ឋាភិបាល៖ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។
ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់លើកកម្ពស់បរិយាកាសធុរកិច្ច និងធានាសន្តិសុខសណ្តាប់ធ្នាប់ ដើម្បីផ្តល់ភាពជឿជាក់ដល់អ្នកវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យធនាគារបន្តបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដើម្បីរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ។
តំណាងធនាគារ ABA លោក ព្រាព សុភាព នាយកគ្រប់គ្រងតំបន់ បានឱ្យដឹងថា ការបើកសាខាថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ គឺក្នុងគោលបំណងនាំយកសេវាហិរញ្ញវត្ថុឱ្យកាន់តែជិតដល់ដៃកម្មករ និយោជិត និងសហគ្រាសនានា។ លោកបានបន្ថែមថា នេះជាសាខាទី៣ ហើយរបស់ ABA នៅក្នុងខេត្តព្រះសីហនុ (បន្ទាប់ពីសាខាក្រុងព្រះសីហនុ និងស្រុកព្រៃនប់) ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបម្រើសេវាកម្មជូនអតិថិជននៅគ្រប់ទីកន្លែង។
សម្រួលអត្ថបទ: ម៉ារ៉ាឌី



