លោក Trump បញ្ជាក់ថាលោកពិតជាខកចិត្តដែលប្រជាជាតិអ៊ីរ៉ង់ជ្រើសរើសលោក Mojtaba មេដឹកនាំកំពូលថ្មី! ព្រោះវានឹងធ្វើឱ្យមានរឿងដដែលៗសម្រាប់ប្រទេសស្វែងរកការផ្លាស់ប្តូររបប
លោកប្រធានាធិបតី Donald Trump បានប្រាប់អ្នកសារព័ត៌មានថា សង្គ្រាមនេះគឺ «ពេញលេញខ្លាំងណាស់» ខណៈដែលមន្ទីរបញ្ចកោណបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាកាលពីថ្ងៃចន្ទនេះ «យើងទើបតែចាប់ផ្តើមប្រយុទ្ធ»។ លោក Trump ត្រូវបានគេសួរថាតើសង្រ្គាមនឹងមានទីបញ្ចប់ ឬចាប់ផ្តើមថ្មីនៅពេលណាដែរ ដោយលោកបានឆ្លើយតបថា «វាទើបតែចាប់ផ្តើមលើការកសាងប្រទេសថ្មីមួយប៉ុណ្ណោះ»ហើយសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងការកសាងអ៊ីរ៉ង់ថ្មីមួយនោះ។ លោក Trump បានបន្ថែមថា លោក «ខកចិត្ត» ចំពោះការជ្រើសរើសមេដឹកនាំថ្មីរបស់ប្រជាជនអ៊ីរ៉ង់។ លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានទៀតថា លោកគិតថាការជ្រើសរើសលោក Mojtaba Khamenei ដើម្បីស្នងតំណែងឪពុករបស់លោកជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់នឹងនាំឱ្យមាន «រឿងដដែលៗ» សម្រាប់ប្រទេសដែលស្វែងរកការផ្លាស់ប្តូររបប។ លោក Trump បាននិយាយថា វា «មិនសមរម្យ» ក្នុងការនិយាយថាតើមេដឹកនាំថ្មីរបស់អ៊ីរ៉ង់នឹងត្រូវបានកំណត់គោលដៅសម្រាប់ការវាយប្រហារដ៏សាហាវដូចឪពុករបស់លោក គឺលោក Ayatollah Ali Khamenei ដែរឬទេ។ ប៉ុន្តែលោក Trump បាននិយាយថា លោកចូលចិត្ត «គំនិត» របស់មេដឹកនាំម្នាក់ដែលដកស្រង់ចេញពីក្រុមបេក្ខជន «ផ្ទៃក្នុងអ៊ីរ៉ង់» ថា ដំណើរការនោះគឺល្អ សំដៅលើការដឹកនាំថ្មីរបស់ប្រទេសវេណេហ្ស៊ូអេឡា គឺលោកស្រី Delcy Rodriguez បន្ទាប់ពីការចាប់ខ្លួនលោក Nicolas Maduro ដោយកងកម្លាំងអាមេរិកដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀននៅសហរដ្ឋអាមេរិក។ លោក Trump ក៏បានបង្កើនក្តីរំពឹងទុករបស់លោកដែរ ដោយលោកនិយាយថា លោកចង់បានបេក្ខជនម្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ដែលចេញពី «ផ្ទៃក្នុង និងអស់កល្បជានិច្ចសម្រាប់អ៊ីរ៉ង់»។ ប្រធានាធិបតីរូបនេះក៏បានអះអាងដោយផងដែរថា អ៊ីរ៉ង់អាចប្រើប្រាស់មីស៊ីលបញ្ជា Tomahawk របស់អាមេរិកបាន ដែលវាជាអាវុធទំនងជាបានប្រើដើម្បីវាយប្រហារសាលារៀនក្មេងស្រីមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានសម្លាប់មនុស្ស១៦៥នាក់។ ស្រាប់តែពេលនោះអ្នកព័ត៌មានសួរថាតើសហរដ្ឋអាមេរិកនឹងទទួលខុសត្រូវចំពោះការវាយប្រហារនោះដែរឬទេ ស្រាប់តែលោក Trump បានអះអាងថា មីស៊ីលបញ្ជា ដែលផលិតដោយក្រុមហ៊ុនម៉ៅការការពារជាតិអាមេរិក Raytheon ត្រូវបាន «លក់ និងប្រើប្រាស់ដោយប្រទេសដទៃទៀត» ហើយអ៊ីរ៉ង់ «ក៏មាន Tomahawks មួយចំនួនដូចអាម៉េរិកផងដែរ»។ សូមបញ្ជាក់ថាក្រុមហ៊ុន Raytheon បានលក់មីស៊ីលនេះទៅឱ្យប្រទេសសម្ព័ន្ធមិត្តដូចជាប្រទេសជប៉ុន និងអូស្ត្រាលី ប៉ុន្តែមិនមានភស្តុតាងណាមួយដែលបង្ហាញថា អ៊ីរ៉ង់ទទួលបានមីស៊ីលបញ្ជានោះទេ។ ស្រាប់តែពេនោះអ្នកព័ត៌មានសួរដេញទៀតថា ហេតុអ្វីបានជាលោកហ៊ានអះអាងបែបនេះ? លោក Trump បានឆ្លើយថា «ពីព្រោះខ្ញុំមិនដឹងគ្រប់រឿងអំពីវាទាំងអស់នោះទេ» ប៉ុន្តែ «ទោះបីជារបាយការណ៍បង្ហាញអ្វីក៏ដោយ ក៏ខ្ញុំសុខចិត្តពឹងផ្អែកលើរបាយការណ៍លើរឿងទាំងនោះដែរ»៕
សម្រួលអត្ថបទ៖ សុផារិន្ទ



