រដ្ឋបាលខេត្តព្រះសីហនុ គាំទ្រសំណើនាំចូលគ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមរបស់ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹម ECOARBOR ដើម្បីជំរុញសង្វាក់ផលិតកម្ម

(ខេត្តព្រះសីហនុ)៖ នាថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចឯកភាពលើសំណើសុំនាំចូលគ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខាវត្ថុធាតុដើម និងសារធាតុគីមីរបស់ក្រុមហ៊ុន ECOARBOR (CAMBODIA) CO., LTD ដែលជាបន្ទុកពន្ធរបស់រដ្ឋ។

ក្រុមហ៊ុន អ៊ីកូអេប័រ (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនវិនិយោគលើការផលិតគ្រឿងសង្ហារឹម ទូ និងគ្រឿងបង្គុំគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គម្រោងនេះមានលក្ខណៈសម្បត្តិសំខាន់ៗដូចជា៖
• ទុនវិនិយោគសរុប៖ ៤.៧៩៩.៥៣៥ ដុល្លារអាមេរិក។
• ផ្ទៃដីសរុប៖ ៥៣.៨២៤ ម៉ែត្រការ៉េ (ទំហំអគារ ៣៩.៩២៥ ម៉ែត្រការ៉េ)។
• កម្លាំងពលកម្ម៖ ផ្តល់ការងារដល់ពលករក្នុងស្រុកចំនួន ៦៣៨ នាក់ និងជនបរទេស ១៥ នាក់។
• ការលើកទឹកចិត្ត៖ ក្រុមហ៊ុនទទួលបានការលើកទឹកចិត្តរយៈពេល ៣ ឆ្នាំ លើការលើកលែងពន្ធលើប្រាក់ចំណូល និងការនាំចូលសម្ភារដោយពន្ធជាបន្ទុករបស់រដ្ឋ។

នៅក្នុងកិច្ចប្រជុំនេះ អនុគណៈកម្មាធិការវិនិយោគខេត្តបានពិនិត្យលើបញ្ជីមេ (Master List) សម្រាប់ការស្នើសុំនាំចូលលើកទី៣ ដែលរួមមាន៖
1. គ្រឿងម៉ាស៊ីន និងឧបករណ៍ (Machinery & Equipments): ចំនួន ៣៦ មុខ។
2. វត្ថុធាតុដើម និងគ្រឿងបន្សំ (Raw Materials & Accessories): ចំនួន ០៤ ចំណុច។
3. សារធាតុគីមី (Chemicals): ចំនួន ១១ មុខ។
ក្រោយពីបានស្តាប់មតិយោបល់ពីមន្ត្រីបច្ចេកទេស និងតំណាងសាខាគយនិងរដ្ឋាកររួចមក ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើនាំចូលនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ជួយសម្របសម្រួលនីតិវិធីផ្សេងៗ ដើម្បីធានាថាការនាំចូលគ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមទាំងនេះ ប្រព្រឹត្តទៅបានរលូន ស្របតាមលក្ខណៈបច្ចេកទេស និងស្តង់ដារគុណភាពដែលបានកំណត់។
ការសម្រេចនេះ មិនត្រឹមតែជួយជំរុញដល់ដំណើរការផលិតកម្មរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកើនឡើងនៃសេដ្ឋកិច្ចក្នុងខេត្ត និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកាន់តែច្រើនផងដែរ៕

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី