ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញទទួលអំណោយជាទឹកដោះគោកូនក្មេង ទឹកសុទ្ធ ទឹកក្រូច និងនំ ពី ឯកឧត្តម ឡុង សេង និងលោកជំទាវ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋ និងកុមារក្នុងជំរំភៀសសឹកនៅព្រំដែន,

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយរួមមានទឹកដោះគោកូនក្មេង ទឹកសុទ្ធ ទឹកក្រូច និងនំកញ្ចប់ ពី ឯកឧត្តម ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ លី ប៊ុនសែ សមាជិកកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដើម្បីយកបន្តទៅចែកជូនដល់ប្រជាពលរដ្ឋ និងកុមារក្នុងជំរំភៀសសឹកនៅព្រំដែន។
អំណោយទាំងនេះរួមមាន ទឹកដោះគោកូនក្មេង PURE Milk ចំនួន ៤០កេស , ទឹកក្រូចកូឡា ២៦កេស , ទឹកសុទ្ធ V-ACTIVE ៤១កេស, និង នំកូនក្មេង ១ ០០០កញ្ចប់ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម ឡុង សេង និងលោកជំទាវ ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋ និងកុមារក្នុងជំរំភៀសសឹកនៅព្រំដែន។ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម និងលោកជំទាវ លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់វ
ប្រជាពលរដ្ឋភៀសសឹកនៅព្រំដែន។
នៅក្នុងឱកាសនេះ ឯកឧត្តម ឡុង សេង និងលោកជំទាវ បានសំដែងនូវមោទនភាពដែលចូលរួមជាកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាក ដោយយើងទាំងអស់គ្នាឈរលើស្មារតី«ខ្មែរជួយខ្មែរ» តាមរយៈការបន្តចូលរួមគាំទ្រ និងឧបត្តម្ភដល់សកម្មភាពការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន ដោយផ្តល់ជាអំណោយជូនទៅដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ព កំពុងឈរជើងនៅតំបន់ជួរមុខ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់៕