ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន អញ្ជើញជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”
នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន អញ្ជើញជួបសំណេះសំណាលជាមួយនគរបាលនារី ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ពិសេសបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ។
បន្ទាប់ពីលោកស្រី ឧត្តមសេនីយ៍ទោ ងួន សុហ្គិច នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អានលិខិតជូនពរផ្ញើជូនកងកម្លាំងនគរបាលនារី របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងឱកាសខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានមានប្រសាសន៍ថា ថ្ងៃនេះ ក្នុងនាមឯកឧត្តមជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានសេចក្តីសោមនស្សរីករាយ ក្នុងការរៀបចំកម្មពិធី ទិវាអន្តរជាតិនារី ០៨មីនា អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានលើកយកប្រសាសន៍ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលបានប្រកាសគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងតម្លៃស្ត្រីក្នុងជួរនគរបាលជាតិ ដោយឈរលើគោលការណ៍សមធម៌ និងគុណាធិបតេយ្យ។
ឯកឧត្តម នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានមើលឃើញ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារនារីប្រចាំនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការងារបានយ៉ាងខ្ជាប់ខ្ជួន និងមានទំនួលខុសត្រូវល្អ ដោយចំណាយទាំងកម្លាំងកាយ និងចិត្ត ក្នុងការខិតខំពង្រឹងការងាររបស់ខ្លួន រួមទាំងចូលរួមយ៉ាងសកម្មក្នុងការងារស្នូល និងជាជំនួយក្នុងការងារបង្រ្កាបបានយ៉ាងមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណេះ ក៏បានចូលរួមប្រជុំជាមួយនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស ជាការលើកមុខមាត់របស់មន្ទីរផងដែរ។
ឯកឧត្តម ឃឹង សារ៉ាត់ បានបន្តថា នៅក្នុងដើមឆ្នាំថ្មី២០២៦នេះ យើងនឹងយកចិត្តទុកដាក់បន្ថែមទៀតដល់នគរបាលនារី ក្នុងការផ្តល់ រង្វាន់ លើកទឹកចិត្តដល់នគរបាលនារីដែលបានខិតខំប្រឹងប្រែងកន្លងមក ដោយផ្តល់ជាគ្រឿងឥស្សររិយស លិខិតសរសើរ និងការដំឡើតួនាទីទៅតាមស្នាដៃ និងពេលវេលា។ ដូច្នេះសូមនគរបាលជានារីព្យាយាមបំពេញនូវការងាររបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍និងបន្តពង្រឹងសមត្ថភាពបន្ថែមទៅមុខទៀត៕



