កម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ ១៨ទីតាំងបន្ថែម ក្រោមយន្តការគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) របស់រាជរដ្ឋាភិបាល

ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង ឯកឧត្តម ហៃ ហ៊ុនឡេង នាយកខុទ្ទកាល័យ ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន និងជាសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ ១៨ទីតាំងបន្ថែមក្នុងជំហ៊ានទី២ នៅសាលាបឋមសិក្សារហាត់ទឹក ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមចំណែកអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល បណ្ដុះគ្រាប់ពូជមូលធនមនុស្សឌីជីថលកម្ពុជា ទទួលចំណេះដឹងនិងជំនាញឌីជីថលមូលដ្ឋានពីបឋមវ័យ ចាប់យកបច្ចេកវិទ្យាឌីជីថល នឹងក្លាយជាកម្លាំងចលករជំរុញឧត្តមភាពប្រកួតប្រជែងកម្ពុជានៅក្នុងសេដ្ឋកិច្ចឌីជីថល។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន គ.វ.អ. ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Tech for Kids Academy (TKA) រៀបចំកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថលមូលដ្ឋានគ្រឹះឌីជីថលសម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ និងថ្នាក់រៀនឌីជីថល ដោយបានជួសជុលកែលម្អបន្ទប់សិក្សា បំពាក់បរិក្ខារកុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងជ្រើសរើសនិងបណ្តុះបណ្តាលគ្រូឌីជីថល។ កម្មវិធីសិក្សានេះផ្តោតលើកាបណ្តុះបណ្តាលទេពកោសល្យឌីជីថលដល់កុមារដូចជា៖ ភាសាអង់គ្លេសសម្រាប់បច្ចេកវិទ្យា មូលដ្ឋានគ្រឹះកុំព្យូទ័រ ពលរដ្ឋឌីជីថល សុវត្ថិភាពអនឡាញ គណិតវិទ្យានិងតក្កវិទ្យា ការសរសេរកូដ(Coding) បញ្ញាសិប្បនិម្មិត(AI) និងការដោះស្រាយបញ្ហា។

នៅក្នុងជំហ៊ានទី២ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ការពង្រីកវិសាលភាពទៅកាន់សាលាបឋមសិក្សាគោលដៅថ្មីបន្ថែម ១៨ទីតាំង បានធ្វើឱ្យកាអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថលនេះកើនឡើងដល់ ៦០ សាលាគោលដៅ គ្របដណ្ដប់លើ ១៩ រាជធានី-ខេត្ត ទូទាំងប្រទេស និងមានសិស្សានុសិស្សសរុបចំនួន ១៧,៩៨៨នាក់ សិស្សស្រីចំនួន ៨,៧៩៦ នាក់ ចូលសិក្សា ដែលជាការបោះជំហានដ៏សំខាន់គាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយឌីជីថលនានា ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។ ជាលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សិស្សានុសិស្ស មកពីសាលាគោលដៅចំនួន២២ បានចូលរួមប្រកួតកម្មវិធីតិចណូវេសិន និងកម្មវិធី VIRTUAL GLOBAL GAME JAM 2025 របស់អង្គការ UNICEF និងទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានសំណូមពរដល់លោកគ្រូអ្នកគ្រូឌីជីថល សហការឲ្យបានជិតស្និទ្ធជាមួយនាយក នាយិកាសាលា ខិតខំថែរក្សាបរិក្ខារនៅក្នុងថ្នាក់រៀនឲ្យបានជាប្រយោជន៍ក្នុងការប្រើប្រាស់យូរអង្វែង និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីថ្នាក់រៀនឌីជីថល និងសំណូមពរដល់មាតាបិតាអាណាព្យាបាលសិស្សជំរុញកូនៗមកចូលរៀនឲ្យបានទៀងទាត់ និងណែនាំដល់សិក្សានុសិស្សទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រជំនាញឌីជីថលនេះ ដើម្បីក្លាយជាមូលធនមនុស្សឌីជីថលប្រកបដោយសមត្ថភាពនៅថ្ងៃអនាគត ៕