អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ស្នើសុំឱ្យមានការកំហិតការផ្សាយគ្រឿងស្រវឹងដើម្បីកាត់បន្ថយការទាក់ទាញកុមារ និងយុវជនឱ្យសេពគ្រឿងស្រវឹង
ភ្នំពេញ៖ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើសុំឱ្យភាគីពាក់ព័ន្ធត្រូវកំហិតការផ្សាយគ្រឿងស្រវឹង ត្រឹមម៉ាកនិងឡូហ្គោ ដើម្បីកាត់បន្ថយការទាក់ទាញកុមារ និងយុវជនឱ្យសេពគ្រឿងស្រវឹង ខណៈគ្រឿងស្រវឹងកំពុងផ្តល់ផលប៉ះពាល់ខ្លាំងដល់សង្គម និងសេដ្ឋកិច្ចជាតិ។
ការសិក្សាស្រាវជ្រាវមួយរបស់រាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញថា ការអនុវត្តប្រកាសលេខ ០៨៤ ប្រក.ពម ស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការកុមារ និងយុវជនពីការទាក់ទាញឲ្យសេពគ្រឿងស្រវឹងទេ។
ក្នុងសន្និសីទសាព័ត៌មាន ស្តីពីការអនុវត្តន៍ប្រកាសស្តីពីការកំណត់អំពីបែបបទនីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញលទ្ធផលនៃការសិក្សាស្រាវជ្រាវលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងភូមិសាស្ត្រមួយចំនួន ដូចជាខណ្ឌពោធិ៍សែនជ័យ ក្រុងសៀមរាប និងក្រុងកំពង់ចាម នៅមាន បញ្ហាប្រឈមធំៗដែលផ្ទុយនឹងប្រកាសលេខ ០៨៥ របស់ក្រសួងព័ត៌មាន ។
ឯកឧត្តមស្នើសុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិចារណាដាក់ចេញបន្ថែមនូវវិធានការកំហិតការផ្សាយពាណិជ្ជកម្ម ដែលងាយស្រួលក្នុងការពង្រឹងការអនុវត្ត និងដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោកថា មានប្រសិទ្ធភាពដើម្បីបង្ការកុមារនិងយុវជនពីការទាក់ទាញឲ្យសេពគ្រឿងស្រវឹង។ ស្ថិតក្នុងដំណាក់កាល ដែលកម្ពុជាមិនទាន់អាចហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងបាន យើងគួរកំហិតការផ្សាយពាណិជ្ជកម្មឲ្យមានត្រឹមម៉ាកនិងឡូហ្គោគ្រឿងស្រវឹង ដោយហាមមិនឲ្យមានការផ្សារភ្ជាប់ជាមួយរង្វាន់ ប្រើតារានិងបុគ្គលមានឥទ្ធិពល និងការផ្សាយតាមប្រព័ន្ធឌីជីថល ជាដើម។
ឯកឧត្តមបន្តបង្ហាញលទ្ធផលស្រាវជ្រាវថាមាន៦៦%នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ ចន្លោះម៉ោង១៨:០០-២០:០០ បានផ្សារភ្ជាប់ជាមួយរង្វាន់ ពាក្យពេចន៍ជំរុញការផឹក សកម្មភាពយុវជនផឹកជុំគ្នា និងរូបភាពតារាកាន់ដបគ្រឿងស្រវឹងជាដើម ដែលបំពានទៅនឹងគោលការណ៍ទី៦ នៃប្រកាស។ ជាង៦០%នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ស្ថិតនៅជិតជាងចម្ងាយ២០០ម៉ែត្រជុំវិញគ្រឹះស្ថានសិក្សា ដែលជាការប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ទី៧ នៃសេចក្ដីប្រកាស។ ជាង៨០%នៃការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង តាមទម្រង់អេឡិចត្រូនិក ឬឌីជីថល ឬបណ្ដាញទំនាក់ទំនងសង្គម មិនបានរចនាទំព័រចែងអំពីការហាមអនីតិជនចូលទស្សនា ដូចការកំណត់ក្នុងប្រកាសទេ។ ជាងពាក់កណ្តាលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនបានដាក់សារអប់រំ តាមការចង្អុលបង្ហាញក្នុងគោលការណ៍ទី៩ នៃសេចក្ដីប្រកាស។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ការប្រើប្រាស់គ្រឿងស្រវឹងក្នុងចំណោមមនុស្សវ័យក្មេងកំពុងកើនឡើងគួរឲ្យព្រួយបារម្ភ ទាំងក្នុងចំណោមបុរសនិងស្ត្រី។ ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង រួមមាន ជំងឺជាង២០០មុខ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការខាតបង់ថវិកា ជាពិសេសផលប៉ះពាល់លើមូលធនមនុស្សរបស់កម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត អាដា ម៉ូអាដស៊ីរី មន្ត្រីសុខាភិបាលសាធារណៈការិយាល័យតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានឱ្យដឹងថា ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង កម្ពុជាត្រូវអនុវត្តន៍នូវ វិធានការគន្លឹះដែលចាំបាច់ គឺត្រូវ ពង្រឹងការរឹតបន្តឹងលើលទ្ធភាពទទួលបានគ្រឿងស្រវឹង ទីតាំង និងម៉ោងលក់។ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងការពិនិត្យជាតិអាល់កុល។ជួយសម្រួលដល់ការពិនិត្យ ការព្យាបាល និងអន្តរាគមន៍កម្រិតស្រាល។ អនុវត្តការហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភនានា និង ដំឡើងពន្ធលើគ្រឿងស្រវឹង ដើម្បីឱ្យតម្លៃកើនឡើង និងកាត់បន្ថយការប្រើប្រាស់។
លោកវេជ្ជបណ្ឌិតមុំគង់ នាយកប្រតិបត្តិអង្គការចលនាសុខភាពកម្ពុជាបានឱ្យដឹងថា មនុស្សពេញវ័យ អាយុចន្លោះពី១៨-៦៩ ឆ្នាំ មាន ៥០% ដែលបានប្រើប្រាស់គ្រឿងស្រវឹងក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ ។
ការប្រើប្រាស់ច្រើនជោគជាំមាន ២៤,៥% នៃមនុស្សពេញវ័យប្រើប្រាស់គ្រឿងស្រវឹងក្នុងកម្រិតបង្កគ្រោះថ្នាក់ ។ យុវជន អាយុចនលោះ១៥-១៩ ឆ្នាំ មាន២៩,៥% នៃបុរស និង ៦,៧% នៃស្ត្រីក្នុងវ័យនេះបានប្រើប្រាស់គ្រឿងស្រវឹង៕



