រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងគណៈប្រតិភូ ចុះពិនិត្យគុណភាព ផ្លូវ៥ខ្សែ ក្នុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យមើលគុណភាព ផ្លូវជនបទចំនួន ៥ខ្សែ ស្ថិតនៅស្រុកមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង។
ផ្លូវទាំង៥ខ្សែនោះមានដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះផ្លូវ ស្ពានពោធិ-រ៉ាមានក ជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៥០គ.ម. ឆ្លងកាត់ឃុំសេដ្ឋី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។
ខ្សែទី២៖ ឈ្មោះផ្លូវ ស្រែសារ-ខ្សាច់ស ជាប្រភេទផ្លូវកម្រាលល្បាយក្រួស មានប្រវែង ១២,៧០ គ.ម. ឆ្លងកាត់ឃុំត្បែងខ្ពស់ និងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
ខ្សែទី៣៖ ឈ្មោះផ្លូវ ជំទាវជ្រែង-ទ្រម៉ូងជ្រុំ មានប្រវែង ៩,២០គ.ម. ឆ្លងកាត់ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
ខ្សែទី៤៖ ឈ្មោះផ្លូវថ្នល់-អលង្កែន ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៥០គ.ម. ឆ្លងកាត់ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និង ឃុំចោងម៉ោង ស្រុកទឹកផុស។
ខ្សែទី៥៖ ឈ្មោះផ្លូវ ស្រះចក-កំពង់ត្រឡាចក្រោម ជាការដ្ឋានកំពុងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,៣៣ គ.ម. និងមានសំណង់សិល្បការ្យមួយចំនួន តពីភូមិស្រះចក ឃុំលង្វែក ទៅដល់ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់ក្នុងខែឧសភា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចបាន ៥៦% ក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។
ក្រោយពីបានអញ្ជើញចុះត្រួតពិនិត្យខ្សែផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំ ដល់មន្ទីរភិវឌ្ឍន៍ខេត្ត ឱ្យធ្វើការជួសជុលបន្ទាន់ត្រង់ចំណុច ដែលរងការខូចខាត ដើម្បីធានាអាយុកាលនៃការប្រើប្រាស់កាន់តែ អង្វែងថែមទៀត។
ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ ក៏បានអញ្ជើញចូលជួបសំណេះសំណាលដោយផ្ទាល់ ព្រមទាំងបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត និងបានជូនអំណោយរួមទាំងថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះគ្រួសារអតីតវីរយុទ្ធជនពលីចំនួន ២គ្រួសារវីរកងទ័ព ស្ថិតនៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផងដែរ៕



