រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោកជំទាវ និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ដែលរៀបចំឡើងដោយមន្ទីរកិច្ចការនារីខេត្ត នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ក៏ដូចគូសបញ្ជាក់ ពីការរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាពព្រមទាំងអំពាវនាវ ឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់ ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដែលទាំងនេះជាបុរេលក្ខខណ្ឌ និងជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ឯកឧត្តម បញ្ជាក់ថា ទិវានេះ គឺជាព្រឹត្តិការណ៍ជាសកល ហើយជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរនេះឡើង ដើម្បីរំលឹកពីការតស៊ូ ទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំពី វឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។ ឯកឧត្តម បន្ថែមថា សម្រាប់ខេត្តមណ្ឌលគិរី ដោយយើងមានស្ត្រីជាសមាជិកក្រុមប្រឹក្សាខេត្តចំនួន ០៣រូប អភិបាលរងខេត្តចំនួន ០១រូប ស្នងការរង ០១រូប នាយករងរដ្ឋបាលសាលាខេត្ត ០១រូប ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ៤រូប អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តចំនួន ២៧រូប អភិលបាលរងក្រុង/ស្រុក ០៥រូប និងមេឃុំ/ចៅសង្កាត់ចំនួន ០៤រូប។ ឯកឧត្តម បានបន្ថែមទៀតថា រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកផលប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។
នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត ក៏បានជូនបាច់ផ្កា រួមទាំងវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការជានារី ថែមទាំងពិសារអាហារសាមគ្គីប្រកបដោយបរិយាកាសសប្បាយរីករាយផងដែរ៕



