លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអាវុធហត្ថនារី ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

កំពង់ស្ពឺ៖ ដោយ​អនុវត្ត និងយកគំរូ​ដឹកនាំដ៏​បុិនប្រសព្វ​​ឈ្លាសវៃ​ប្រកបដោយ​គុណធម៌​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​​​ សៅ​​​​ សុខា​​​​ អគ្គ​មេបញ្ជាការ​រង​​ កងយោធពល​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ ស្ថិតនៅសាលប្រជុំធំ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពុងស្ពឺ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយអាវុធហត្ថនារី ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ​ សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ នឹងគ្រួសារ។​​

‎ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ ក៏បាន​សំណេះសំណាល​កោតសរសើរ​យ៉ាងស្មោះស្ម័គ្រចំពោះអាវុធហត្ថនារីទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្តដោយមិនខ្លាចការនឿយហត់ ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ច​ ក្នុង​អង្គភាព​នាពេលកន្លងមក ជាពិសេស​ផងដែរ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ និង​ជូនពរ​ពីចម្ងាយរបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​​​ សៅ​​​​ សុខា​​​​ ចំពោះ​អាវុធហត្ថនារីខេត្តកំពង់ស្ពឺ​ទាំងអស់​ ព្រមទាំងក្រុមគ្រួសារ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បានបន្តទៀតថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ (ក្រោមប្រធានបទ​ សន្តិភាព និងសន្តិសុខសម្រាប់ស្តី្រ នឹងគ្រួសារ​​​​) គឺក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាន នៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រីនិងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងក្រុមគ្រួសារបានរស់នៅជួបជុំ ប្រកបដោយសុភមង្គលសុខដុមរមនា សុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពសង្គមផងដែរ។ 

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ ក៏បានផ្តល់កិត្តិយសប្រគល់នូវវត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាជូនដល់អាវុធហត្ថនារីដើម្បីជាការលើកទឹកចិត្ត និងជានិមិត្តរូបនៃសេចក្តីស្រឡាញ់ និងការផ្តល់តម្លៃដល់ស្ត្រី​​​​ ព្រមទាំងបានឧបត្ថម្ភដល់អាវុធហត្ថនារីចំនួន០៤នាក់ ដោយក្នុងម្នាក់ទទួលបាន​នូវ​​ ថវិកាចំនួន ១០០,០០០រៀល​ រួម​ទាំង​សម្ភារៈ​មួយចំនួនទៀតមានដូចជា ទឹកសុទ្ធ ៥កេស​,ទឹកផ្លែឈើ +ភេសជ្ជៈ ៥កេស និងមី ៥កេសថែមទៀតផង៕