អភិបាលរាជធានីភ្នំពេញ បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះត្រួតពិនិត្យបោសសម្អាតក្រុមONLINESCAMS ដូចភ្លៀងរលឹមនៅមូលដ្ឋានខ្លួនគ្រប់គ្រង

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាបែបនេះនៅក្នុងអង្គប្រជុំស្តីពី វឌ្ឍនភាពការងារ បង្ក្រាបនិងបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃសៅរ៍ ទី០៧ មីនា២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានលេីកឡេីងថា កុំសន្តិភាពថា «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ហើយពីក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសោះ» ពួកគេអាចជ្រកនៅទីតាំងដែលយេីង នឹក ស្មាន មិនដល់ ក៏អាច ថាបាន ។ ដូច្នេះសូមអាជ្ញាធរខណ្ឌនិងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យនិងបោសសម្អាតឱ្យបានដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ តាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យធ្វើការបង្រ្កាប បោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះនៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខ។ ដូច្នេះយើងនៅពេលតែ១
សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីអនុវត្តផែនការនេះឱ្យទទួលបានជោគជ័យ។ កន្លងមកនេះយើងអនុវត្តការងារនេះបានល្អប្រសើរហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងកុំសន្តិភាពពេក ពួកគេអាចជ្រកនៅតាមទីតាំងមួយចំនួន ដែលយើងនឹកស្មានមិនដល់។ ជាមួយនិងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះហើយ ល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រឿងញឿន ក៏ត្រូវបន្តបោសសម្អាតផងដែរ ដើម្បីបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ ឥឡូវយើងកំពុងតែដើរលើផ្លូវត្រូវហើយ សូមបន្តដើរលើផ្លូវនេះទៅមុខទៀត សំដៅធ្វើយ៉ាងណា ឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ្មាននៅក្នុងមូលដ្ឋានរបស់យើងគ្រប់គ្រង។
ក្នុងឱកាសនោះឯកឧត្ដមអភិបាលរាជធានីក៏បានធ្វើការកោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងកងកម្លាំងសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានធ្វើការងារបង្ក្រាបនិងបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះកន្លងមកទទួលបានជោគជ័យល្អ។

តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើងទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយក សេដ្ឋកិច្ចពណ៌ប្រផេះនិងខ្មៅ ដាច់ខាត។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ។ សម្ដេចធិបតីក៏បាន លេីកឡេីង ថា ការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែខែមេសាចូលឆ្នាំនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមឃួង ស្រេង បានស្នើឱ្យអាជ្ញាធរនិងកងកម្លាំងទាំងអស់ នៅពេលអនុវត្តការងារនៃប្រតិបត្តិការណ៍បង្រ្កាបបោសសម្អាត (ONLINE SCAMS) នេះ ត្រូវតែម៉ត់ចត់និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជៀសវាងមានបញ្ហាគ្រោះថ្នាក់ផ្តើមពីការទ្វេសប្រហែសនេះ។ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវតែអស់នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦។ ចំពោះការងារបន្ត គឺអាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្តម្ចាស់ការ ក្នុងត្រួតពិនិត្យបង្រ្កាបនិងបោសសម្អាតឱ្យបានដូចភ្លៀងរលឹម។
ជាមួយគ្នានោះដែរឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវធ្វើការណែនាំបន្តដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេក្រុមចូលរួមបង្រ្កាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ។ បន្ថែមពីនេះខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោនិងខណ្ឌដូនពេញ។ល។ដែលមានកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កម្មកររោងចក្រត្រូវចុះទៅសាកសួរសុខទុក្ខគាត់ពីជីវភាពរស់នៅរបស់គាត់។ឯកឧត្ដមបន្តទៀតថាក្រោយបញ្ចប់យុទ្ធនាការនេះទៅធានាថាស្អាតគ្មាន (ONLINE SCAMS) គ្រឿងញៀនក៏ត្រូវធ្វើរួមគ្នាធ្វើយ៉ាងណារាជធានីភ្នំពេញយើងក្លាយជាតំបន់(ស)៕