សម្តេច ម៉ែន សំអន ៖ ប្រធានបទ នៃទិវាអន្តរជាតិ ៨មីនា ខួបលើកទី១១៥ បានបង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព សន្តិសុខសម្រាប់ស្ត្រីក្រុមគ្រួសារ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” និងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ដែលមានពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត។
ថ្លែងក្នុងពិធិនោះ លោកជំទាវ ហ៊ុន ចាន់ធី មៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា កន្លងមកសមាជិកាសមាគមទាំងអស់បានអនុវត្តយ៉ាងពេញលេញទៅតាមលក្ខន្តិកៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមនឹងផែនការសកម្មភាពរបស់សាខាសមាគម ដោយសម្រេចបានបាននូវលទ្ធផលគួរជាទីមោទនៈ ដោយក្នុងនោះសមាគមបានចូលរួមដោះស្រាយបាននូវបញ្ហាបានជាច្រើន ជាពិសេស ពាក់ព័ន្ធជាមួយនឹងស្ត្រី និងការដោះស្រាយក្រៅប្រព័ន្ធតុលាការជាដើម។ល។ លោកជំទាវបានបន្តថា ក្នុងរយៈពេលកន្លងមក ដែលប្រទេសកម្ពុជាជួបប្រទះនឹងការឈ្លានពានពីសំណាក់ប្រទេសថៃ ថ្នាក់ដឹកនាំ និងសមាជិកាសមាគមគ្រប់លំដាប់ថ្នាក់ បានខិតខំរួមកម្លាំងគ្នាដើម្បីឧបត្ថម្ភគាំទ្រជាស្បៀងអាហារ សម្ភារ ទៅដល់វីរកងទ័ពជួរមុខ ពិសេសគ្រួសារវីរកងទ័ពដែលមានទីលំនៅក្នុងមូលដ្ឋានខេត្តកំពត រួមជាមួយនឹងបងប្អូនជនភៀសសិកដែលមកពីបណ្តាខេត្តនានាផងដែរ។ ជាមួយគ្នានេះដែរ ប្រធានកិត្តិយសសាខាសមាគម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកាសមាគមទាំងអស់ ដែលបានធ្វើឱ្យការអនុវត្តការងារកន្លងមកទទួលបានលទ្ធផលល្អ ក្នុងទិសដៅរួមចំណែកអភិវឌ្ឍន៍ និងរំលែកទុក្ខលំបាករបស់ប្រជាជន ជាមួយរាជរដ្ឋាភិបាល។
មានប្រសាសន៍ក្នុងពិធីនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្នរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរក្រុង-ស្រុកទាំងអស់ បានយកចិត្តិទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិអំណាច និងបង្កើ់នភាពអង់អាចដល់ស្ត្រី រីឯរាល់កិច្ចអភិវឌ្ឍន៍លើកគ្រប់វិស័យនៅទូទាំងខេត្ត គឺមិនអាចខ្វះបាននូវការចូលរួមចំណែកពីស្ត្រីនៅគ្រប់លំដាប់ថ្នាក់បាននោះឡើយ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា បច្ចុប្បន្ននេះ ខេត្តកំពតមានស្ត្រីជាថ្នាក់ដឹកនាំចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម មានចំនួន ១១១រូប ក្នុងនោះរួមមាន៖ ស្ត្រីជាក្រុមប្រឹក្សាខេត្តចំនួន ០៤រូប អភិបាលស្រុក-ក្រុងចំនួន ០២រូប មេឃុំចំនួន ៧រូប ក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥៦១រូប។
មានមតិសំណេះសំណាលនៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងកោតសសើរចំពោះ លោកជំទាវ ហ៊ុន ចាន់ធី មៅ ធនិន បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីអនុវត្តឱ្យបាននូវទិសដៅ ភារកិច្ច ដោយឈរលើ សាមគ្គីភាព ឯកភាព សហការគ្នាល្អ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ។ ពិសេស ទទួលបានការគាំទ្រពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានជម្រុញលើកទឹកចិត្ត។
សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦នេះ ត្រូវបានប្រាព្ធធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងដើម្បីបង្ហាញអំពីសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព។ ប្រធានបទនេះក៏មានគោលបំណងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតកន្លងមក ដែលទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ទាំងការងារសង្គម ការងារជួយដល់ស្ត្រីនិងកុមារ ពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសិកផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



