ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអនុញ្ញាតជូន លោកបណ្ឌិត Shawn Baker នាយករងប្រតិបត្តិនៃអង្គការ Helen Keller International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ (NSSFN) គឺជាផែនទីបង្ហាញផ្លូវប្រព័ន្ធស្បៀងអាហារ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមរួមគ្នា ក្នុងគោលបំណងកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា។
នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ថ្លែងក្នុងឪកាសជួបសម្តែងការគួរសមជាមួយ លោកបណ្ឌិត Shawn Baker នាយករងប្រតិបត្តិនៃអង្គការ Helen Keller International កាលពីរសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ន រវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការ Hellen Keller នាពេលកន្លងមក ដែលបានចូលរួមចំណែកដល់ការពង្រឹងប្រព័ន្ធស្បៀង និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏ល្អប្រសើរសម្រាប់ស្ត្រី និងកុមារ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណ និងសូមកោតសរសើរ ចំពោះអង្គការ Hellen Keller ចំពោះការគាំទ្រយន្តការអភិបាលកិច្ច វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភទាំងនូវថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (TWG-FSN & PWG-FSN) ជាពិសេស ការគាំទ្រ និងជួយសម្របសម្រួលជាមួយ ភាគីពាក់ព័ន្ធផ្សេងៗ ក្នុងការដាក់សាកល្បងនូវគម្រោងអន្តរវិស័យ «នវានុវត្តន៍ថ្មី សម្រាប់លទ្ធផលកាន់តែប្រសើរ ការធ្វើសមាហរណកម្មរវាងវិស័យកសិកម្ម សុខាភិបាល និងអប់រំ ដើម្បីផ្លាស់ប្តូរលទ្ធផលអាហារូបត្ថម្ភនៅកម្ពុជា» (INAS) និងការផ្តល់នូវជំនួយមនុស្សធម៍ ដល់គ្រួសារជនភៀសសឹក ពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានពន្យល់ដោយសង្ខេប នូវគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលក្នុងនោះការគិតគូរដល់ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពផ្សេងៗទៀត។
លោកបណ្ឌិត Shawn Baker នាយករងប្រតិបត្តិនៃអង្គការ Hellen Keller International ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានអនុញ្ញាតជូនរូបលោក និងសហការី បានចូលជួបនិងសម្តែងការគួរសម នាពេលនេះ។
លោកបានសម្តែងនូវការពេញយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដែលបានផ្តល់កម្មវិបាកជាវិជ្ជមាន និងជាក់ស្តែងដល់ប្រជាជនកម្ពុជា ពិសេសស្រ្តី និងកុមារ។
លោក ក៏បានធ្វើការប្តេជ្ញាចិត្តថា នឹងបន្តខិតខំគាំទ្រ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បន្តទៀត សំដៅរួមចំណែកដល់ចក្ខុវិស័យរបស់កម្ពុជា ក្នុងការលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា៕



