មន្រ្តីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនា និង អង្គការ ដាយមីសឹន (Danmission Cambodia) នាំអំណោយជាគ្រឿងឧបភោគបរិភោគជូន ដល់ជនភៀសសឹកចំនួន៣០០គ្រួសារ នៅខេត្តព្រះវិហារ
លោកជំទាវ មិន ចណ្ឌីណែត រដ្ឋលេខាធិការ តំណាង ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និង លោក ភីតធឿ ហៀម ប្រធានអង្គការ ដាយមិនសឹន ប្រចាំកម្ពុជា (Danmission Cambodia) បាននាំអំណោយមួយចំនួនទៅចែកជូនជនភៀសសឹកចំនួន៣០០គ្រួសារ ស្ថិតក្នុងបរិវេណ វត្តពើងអង្កាម ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោក សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ សូមសម្តែងការអរគុណ ចំពោះប្រតិភូក្រសួងធម្មការនិងសាសនានិងអង្គការដាយមិនសឹន ដែលបាននាំអំណោយយកមកចែកជូនបងប្អូន ជនភាសឹកដោយសារសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃដែលមកស្នាក់នៅក្នុងមណ្ឌលភាសឹកនៅទីនេះ។ លោកអភិបាលរងខេត្តបានបន្តទៀតថា ជនភាសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលនេះមាន ចំនួន ៣០០០គ្រួសារដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃមកលើកម្ពុជា។
តមក លោក ភីតធឿ ហៀម ប្រធានអង្គការដាយមិនសឹន ប្រចាំកម្ពុជាមានប្រសាសន៍ថា ដោយ មើលឃើញពីទុក្ខលំបាកចំពោះបងប្អូនជនភៀសសឹក អង្គការដាយមិនសឹនប្រចាំកម្ពុជា បានសហការជាមួយ ក្រសួងធម្មការនិងសាសនានាំអំណោយមកចែនជូននាពេលនេះ។ អង្គការដាយមិនសឹនប្រចាំកម្ពុជា មាន បេសកកម្មការងារមនុស្សធម៌ក្នុងន័យរួមអន្តរជំនឿដើម្បីសន្តិភាព។
ក្នុងនាមឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោកជំទាវ មិន ចណ្ឌីណែត មានប្រសាសន៍ពាំនាំពីការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវជូនចំពោះបងប្អូនជនភាសឹក។ លោកជំទាវ មានប្រសាសន៍បន្តទៀតថា ការនាំអំណោយរបស់អង្គការដាយមិនសឹន មកចែកជូននាពេលនេះគឺជាការរំ លែកនូវទុក្ខលំបាករបស់បងប្អូនបានមួយរយៈពេលខ្លី។
វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួបរួម សាមគ្គីគ្នាអន្តរសាសនាចូលរួមចំណែកក្នុងការងារមនុស្សធម៌ផ្តល់ជាអំណោយគ្រឿងឧបភោគបរិភោគដល់ក្រុមគ្រួសារចំនួន៣០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ១០គីឡូក្រាម មីយើង១កេស ត្រីខកំប៉ុង១យួរ ហើយលោកជំទាវ មិន ចណ្ឌីណែត ក៏អំពាវនាវឲ្យបងប្អូនចូលរួមការពារថែររក្សាសុខភាពផ្លូវកាយ ផ្លូវចិត្ត និងចូលរួមការងារដាំបន្លែក្នុងមណ្ឌលភៀសសឹក ពង្រឹងកម្លាំងសាមគ្គីសេ្នហាជាតិឲ្យបានរឹងមាំ។ តមក គណៈប្រតិភូបានចុះពិនិត្យមើលការស្នាក់នៅនិងការដាំបន្លែរបស់បង្អូនជនភៀសសឹកនៅទីនោះ ក្នុងអារម្មណ៍យ៉ាងក្តុកក្តួលចិត្ត៕



