អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅទីស្តីការ ក.ប.ទ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរ ប.ទ.ខេត្ត នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ។

លោកជំទាវរដ្ឋលេខាធិការ ហ៊ូ សាមិត្ត បានមានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦នេះ ក្រសួងកិច្ចការនារី បានជ្រើសយកប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” ក្នុងគោលបំណង រំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងក្រុមគ្រួសារបានរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាការគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថេរភាព និងវិបុលភាពសង្គម។

ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានមានប្រសាសន៍ថា ទិវាអន្តរជាតិនារីដែលបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ មិនមែនគ្រាន់តែជាការទទួលស្គាល់ សមិទ្ធផលពីមុនរបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទិវាបញ្ជាក់ឡើងវិញនូវការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នាក្នុងការបង្កើតអនាគតប្រកបដោយបរិយាបន្ន សមធម៌ និងការផ្តល់សិទ្ធិស្ត្រី។ លោកជំទាវ បានបន្ថែមថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត យើងបានអនុវត្តការងារតាមតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាព ហើយទទួលបាននូវសមិទ្ធផលជាច្រើន ដើម្បីធានានូវសមិទ្ធកម្ម ដែលនឹងជួយពន្លឿន ដល់ការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងជំរុញការចូលរួមរបស់ស្រ្តី ក្នុងវិស័យបច្ចេកវិទ្យា។

ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យស្ត្រី និងកុមារីកម្ពុជាទាំងអស់ បន្តបង្កើនចំណេះដឹង ជាពិសេសជំនាញបច្ចេកទេស និងភាសា ដើម្បីដើរឱ្យទាន់ការវិវត្តនៃបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានជំនឿចិត្តលើខ្លួនឯង ព្រោះសមត្ថភាពរបស់ស្ត្រីម្នាក់ៗ គឺជាកម្លាំងចលករមិនអាចខ្វះ បានក្នុងការកសាងរដ្ឋាភិបាលឌីជីថល សង្គម និងសេដ្ឋកិច្ចឌីជីថល ៕