វិស័យសុខាភិបាលកម្ពុជាកំពុងក្លាយជាសក្តានុពលដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស ខណៈគណៈប្រតិភូធុរកិច្ចឥណ្ឌាប្រមាណ ៧០ នាក់ តំណាងឱ្យក្រុមហ៊ុនឱសថឈានមុខចំនួន ៥៦ បានចុះមកសិក្សា និងស្វែងរកឱកាសពង្រីកខ្លួនក្នុងទីផ្សារកម្ពុជា តាមរយៈវេទិកាផ្គូរផ្គងអាជីវកម្ម នៅសណ្ឋាគារ Shangri la រាជធានីភ្នំពេញ ដែលព្រឹត្តិការណ៍នេះ រៀបចំឡើងដោយក្រុមប្រឹក្សាផ្សព្វផ្សាយការនាំចេញឱសថនៃប្រទេសឥណ្ឌា (Pharmexcil) សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។
ព្រឹត្តិការណ៍នេះ មានការចូលរួមពី ឯកឧត្តម Vanlalvawna Bawitlulng ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ឯកឧត្តម ពេជ្រ រិទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វេជ្ជបណ្ឌិត ហ៊ុយ សិរីវឌ្ឍនៈ អគ្គនាយករងនៃក្រសួងសុខាភិបាល លោក Hoy Bhanu អគ្គនាយកនៃ Pharmexcil ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធកម្ពុជាប្រមាណជាង ១០០ នាក់។
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ឯកឧត្តម Vanlalvawna Bawitlulng បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ប្រទេសឥណ្ឌាក្នុងការផ្គត់ផ្គង់ឱសថដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក។ ឯកឧត្តម បានបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូឱសថឥណ្ឌាលើកនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលជាមួយកម្ពុជា និងគាំទ្រកិច្ចខិតខំរបស់កម្ពុជាក្នុងការបង្កើនការចូលដល់ឱសថដែលមានសុវត្ថិភាព តម្លៃសមរម្យ និងគុណភាពល្អ។
ឯកឧត្តម ពេជ្រ រិទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជាជាទីផ្សារដែលមានសក្តានុពលសម្រាប់ឧស្សាហកម្មឱសថឥណ្ឌា ទាំងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
លោក វេជ្ជបណ្ឌិត ហ៊ុយ សិរីវឌ្ឍនៈ អគ្គនាយករងនៃក្រសួងសុខាភិបាល បានធ្វើបទបង្ហាញលម្អិតអំពីក្របខណ្ឌបទប្បញ្ញត្តិរបស់កម្ពុជា រួមមាននីតិវិធីចុះបញ្ជីឱសថ ការបន្តអាជ្ញាប័ណ្ណ និងបទប្បញ្ញត្តិវិនិយោគដែលគ្រប់គ្រងវិស័យឱសថ ដែលនេះបានផ្តល់ភាពច្បាស់លាស់សំខាន់ៗដល់ក្រុមហ៊ុនឥណ្ឌាដែលមានបំណងចូល ឬពង្រីកអាជីវកម្មនៅទីផ្សារកម្ពុជា។
លោក Hoy Bhanu អគ្គនាយកនៃ Pharmexcil បានលើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មឱសថឥណ្ឌា ដោយបញ្ជាក់ពីផលិតផលដ៏ទូលំទូលាយ ស្តង់ដារត្រួតពិនិត្យគុណភាពដ៏រឹងមាំ និងសមត្ថភាពប្រកួតប្រជែងផ្នែកតម្លៃនៅលើទីផ្សារអន្តរជាតិ។
បច្ចុប្បន្ន ប្រទេសឥណ្ឌាគឺជាប្រទេសផលិតឱសថមួយក្នុងចំណោមប្រទេសឈានមុខគេនៅលើពិភពលោក ហើយជាប់ចំណាត់ថ្នាក់ទីបីនៅលើពិភពលោកតាមបរិមាណផលិតកម្ម ដោយនាំចេញឱសថទៅកាន់ទីផ្សារជាង ២០០ ប្រទេស។
វេទិកា ការផ្គូរផ្គងអាជីវកម្មនេះ បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរួមរបស់ឥណ្ឌា និងកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងលើកកម្ពស់ភាពជាដៃគូដែលផ្តល់ផលប្រយោជន៍រួមក្នុងវិស័យឱសថ។



