នៅព្រឹកថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម គីម ឆាងយ៉ុង (H.E. Kim Chang-Yong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាតិ។
អគារមិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យកុមារជាតិ គឺជាអគារទី២ ក្នុងគម្រោងទី៣ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ដែលជានវានុវត្តន៍ ថ្មីមួយទៀត រួមមានទំនើបកម្មបរិក្ខារពេទ្យ សេវាកម្ម និងការបណ្តុះបណ្តាល បច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ ដើម្បីបម្រើសេវាសុខភាពជូនកុមារកម្ពុជា ប្រកបដោយគុណភាព និងសមធម៌ សំដៅធ្វើឱ្យសុខភាពកុមារ ប្រកបដោយសុខភាព និងសុខុមាលភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាតិ និងឯកជនទាំងអស់ ត្រូវយកចិត្តទុកក្នុងការអនុវត្ត ៖
១) ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ
២) ការអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ
៣) ការគ្រប់គ្រង និងថែទាំសមិទ្ធផល៖ ត្រូវខិតខំថែទាំអគារ និងបរិក្ខារថ្មីទើបសាងសង់រួចឱ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែងសម្រាប់បម្រើប្រយោជន៍សាធារណៈជនិរន្តរភាព។ ត្រូវរក្សាបរិស្ថានមន្ទីរពេទ្យឱ្យមានអនាម័យ ខ្ពស់ និងផាសុកភាព ព្រោះវាជាកត្តាជួយដល់ការឆាប់ជាសះស្បើយរបស់អ្នកជំងឺ។
៤) គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។
៥) អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវអនុវត្តស្របទៅតាមច្បាប់ ដោយការចុះបញ្ជិការ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមសម្តែងនូវការកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈស្ថានទូត និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដែលតែងតែខិតខំប្រឹងប្រែង សម្របសម្រួលឱ្យទទួលបានហិរញ្ញប្បទាន បន្ថែមគាំទ្រវិស័យសុខាភិបាលកន្លងមក និងនាពេលអនាគត ជាក់ស្តែងការអភិវឌ្ឍធនធានមនុស្ស ការជួយពង្រឹង គុណភាពសេវា ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាពេទ្យថ្មីៗដល់មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជាច្រើនទៀតនៅទូទាំងប្រទេស និងសូមជូនពរចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។
អគារមន្ទីរពេទ្យបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នេះ មានកម្ពស់ ២៤,៧ម៉ែត្រ ទទឹង ៣៧,៨០ ម៉ែត្រ និងបណ្តោយ ៧៦.៨០ម៉ែត្រ មាន ៥ជាន់ (រាប់ទាំងជាន់ក្រោមដី) គិតជាផ្ទៃក្រឡាសរុបស្មើនឹង ៩,០៥៣ ម៉ែត្រការ៉េ តាមជាន់នីមួយៗ មានបែងចែកមុខងារដូចខាងក្រោម៖
-ជាន់ផ្ទាល់ដី៖ ផ្នែកពិគ្រោះជំងឺក្រៅផ្នែកឯកទេសរោគកុមារ ផ្នែកឱសថស្ថានសម្រាប់ជំងឺសម្រាកពេទ្យ កន្លែងទទួលភ្ញៀវ និងអាហារដ្ឋានសម្រាប់បុគ្គលិកនៅចន្លោះរវាងអគារមិត្តភាពកម្ពុជា-កូរ៉េទី១ និងទី២នេះ។
-ជាន់ទី១៖ ផ្នែកស្ដារតាលទ្ធភាពពលកម្ម (Rehabilitation) ផ្នែកលាងឈាម (Artificial kidney) និងជំងឺតម្រង់នោម និងបន្ទប់វះកាត់ផ្នែក និងត្រចៀក ច្រមុះ បំពងករ។
-ជាន់ទី២៖ ផ្នែកជំងឺមហារីកុមារ (Oncology) មាន ៣២ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែកចំនួន ១ និងផ្នែកជំងឺលោហិតសាស្ត្រ និងប្រព័ន្ធការពារមាន ៣០គ្រែ។
-ជាន់ទី៣៖ ផ្នែកជំងឺប្រដាប់រំលាយអាហារ (Gastrology) មាន ៣៤ គ្រែ និងផ្នែកកង្វះអាហារូបត្ថម្ភមាន ៣០គ្រែ។
-ជាន់ទី៤៖ ផ្នែកជំងឺផ្លូវដង្ហើមទីទី១ (Pneumology 1) មាន ៣៤ គ្រែ និងផ្នែកជំងឺផ្លូវដង្ហើមទីទី២ (Pneumology 2) មាន ២៨ គ្រែ និងមានបន្ទប់ដាក់អ្នកជំងឺដោយឡែកចំនួន ១ ។
សូមគូសបញ្ជាក់ថា ពេលជាង២ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សមិទ្ធផលសុខាភិបាល ជាច្រើនត្រូវបានលេចចេញជារូបរាងឡើងដូចជា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ តេជោសន្តិភាព កាលពីខែតុលា ឆ្នាំ២០២៣, មន្ទីរពេទ្យតេជោសែនកោះធំ កាលពីខែមីនា ឆ្នាំ២០២៤, អគារមណ្ឌលផ្តល់សេវា វះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាខែមេសា ឆ្នាំ២០២៤ និងបើកការដ្ឋានសាងសង់អគារវេជ្ជសាស្រ្តទំនើប ចំនួន៣ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នាខែកញ្ញា ឆ្នាំ២០២៤ ព្រមទាំងបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ លើសពីនេះ ក៏នៅមានសមិទ្ធផលសុខាភិបាលផ្សេងទៀត រួមទាំងការកសាងអគារមូលដ្ឋានសុខាភិបាលនានា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ពេទ្យចាំបាច់សម្រាប់ធ្វើឱ្យប្រសើរឡើងនូវការធ្វើរោគវិនិច្ឆ័យ ការផ្តល់សេវាសង្គ្រោះបន្ទាន់ និងការវះកាត់នៅតាមមន្ទីរពេទ្យបង្អែក និងចុងក្រោយនេះ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលជំងឺបេះដូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងអគារពិនិត្យ និងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។



