ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ប្រកាសគាំទ្រយ៉ាងមុតមាំ និង ប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងតម្លៃស្ត្រីក្នុងជួរនគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសគាំទ្រយ៉ាងមុតមាំ និង ប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងតម្លៃស្ត្រីក្នុងជួរនគរបាលជាតិ ដោយឈរលើគោលការណ៍សមធម៌និងគុណាធិបតេយ្យ។

  ការប្រកាសនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម និង លោកជំទាវ ស ស៊ីណា បានអញ្ជើញជាអធិបតីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” (០៦ មីនា ២០២៦) នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការរដ្ឋាននគរបាលជាតិ និងមន្ត្រីនគរបាលជានារីជាច្រើនរូបផងដែរ។

  ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ការអបអរសាទរ «ទិវានារីអន្តរជាតិ ៨ មីនា» គឺជាយុទ្ធនាការជាតិ ដ៏មានអត្ថន័យជ្រាលជ្រៅដែលត្រូវបានប្រារព្ធធ្វើជាផ្លូវការរៀងរាល់ឆ្នាំ នៅគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធនៅទូទាំងប្រទេស ក្រោមប្រធានបទនានាតាមការកំណត់របស់ក្រសួងកិច្ចការនារី ដោយមានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជសារគាំទ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ 

បន្ថែមពីលើនេះ ទិវាអន្តរជាតិនារី នេះមានគោលបំណងរំលឹកប្រវត្តិនៃការតស៊ូទាមទារសិទ្ធិ និងសេរីភាពរបស់ស្ត្រី អបអរសាទរវឌ្ឍនភាព និងសមិទ្ធផល របស់ស្ត្រីកម្ពុជា ដោយឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈម និងការចូលរួមរបស់ស្ត្រីក្នុងការកសាងជាតិ គ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញអំពីការប្តេជ្ញាចិត្តរឹងមាំ និងវិធានការវិជ្ជមានរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ពង្រឹងសិទ្ធិ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងសី គ្រប់រូបឱ្យក្លាយជាថាមពលស្នូលនៃការអភិវឌ្ឍជាតិ។

ឯកឧត្តមបន្តថា ឈរលើមូលដ្ឋានដ៏រឹងមាំនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្ត ប្តេជ្ញាចិត្តខ្ពស់ ក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ព្រមទាំងធានាការលើកកម្ពស់សមភាពយេនឌ័រ ឱ្យកាន់តែល្អប្រសើរឡើងបន្ថែម ទៀត។

  ទន្ទឹមនិងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកទឹកចិត្ត ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិជានារីទាំងអស់ ដែលបានខិតខំ បំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋដោយទឹកចិត្តអង់អាចក្លាហាន ឆន្ទៈមោះមុត ស្មារតី ទទួលខុសត្រូវខ្ពស់ និងហ៊ានធ្វើពលិកម្មក្នុងបេសកកម្មរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ៕