ក្រុមការងារចំពោះកិច្ចត្រៀមសហការជានិច្ច ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមស្ថារជីវភាពពលរដ្ឋភៀសសឹក និង ហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់ថៃ
ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ តំណាងអង្គទូត និងបណ្តាដៃគូអភិវឌ្ឍន៍នានា ស្តីពីវឌ្ឍនភាពនៃការរៀបចំស្តារជីវភាពគ្រួសារភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានរបស់ថៃ, ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ បាន បង្ហាញការស្វាមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍជាតិ -អន្តរជាតិទាំងអស់ក្នុងការចូលរួម និងសហការការស្តារជីវភាពរបស់ពលរដ្ឋភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់ថៃ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានធ្វើការយ៉ាងសកម្មក្នុងការដោះស្រាយនូវផលលំបាកនានាដែលពលរដ្ឋរងគ្រោះពីការឈ្លានពានរបស់ថៃ និងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធាន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ដូចជា បណ្ដាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ដើម្បីសម្រាលនូវទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងរយៈពេលចំពោះមុខ ក៏ដូចជារយៈពេលមធ្យម និងវែង។
ឯកឧត្តមបណ្ឌិតបន្តថា ក្រៅពីអ្វីដែលរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំ ជួយដល់ពលរដ្ឋភៀសសឹកក្នុងការស្តាជីវភាពឡើងវិញ, ការផ្តល់ជំនួយនានារបស់បណ្តាដៃគូអភិវឌ្ឍន៍ និងបណ្តាលប្រទេសជាមិត្ត ជាមានសារសំខាន់ ជាពិសេសលើការងារស្តារហេដ្ឋារចនាសម្ព័នដូចជាផ្លូវ ស្ពាន សាលារៀន និងមន្ទីរពេទ្យ ដែលរងផលប៉ះពាល់ដោយសារគ្រាប់ផ្លោងរបស់ថៃ ព្រោះថាហេដ្ឋរចនាសម្ព័នទាំងនេះមានសារសំខាន់សម្រាប់ការលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងជីវភាពរស់នៅប្រចាំថ្ងៃ។ ដូចនេះ ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូតខាតពីជម្លោះព្រំដែន កម្ពុជា-ថៃ ស្វាគមន៍ និងត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការ និងសម្របសម្រួល នូវរាល់ការចូលរួមនានារបស់ដៃគូរ និងបណ្តាលប្រទេសជាមិត្ត ដើម្បីស្តារជីវភាពរបស់ពលរដ្ឋភៀសសឹក ៕



