ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះសាងសង់អគារមិត្តភាពកម្ពុជា-កូរ៉េទី២ នៃ មន្ទីរពេទ្យកុមារជាតិអគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់៥ជាន់តម្លៃជិត១៧លានដុល្លារជាជំនួយរបស់រដ្ឋាភិបាលកូរ៉េចាប់ផ្តើមបុកគ្រឹះសាងសាងជាផ្លូវការ
ភ្នំពេញ៖ អគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់៥ជាន់មានតម្លៃប្រមាណជិត១៧លានដុល្លារអាមេរិកស្ថិតនៅក្នុងមន្ទីរពេទ្យកុមារជាតិ ដែលតម្លៃជិត១៧លានដុល្លារជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈអង្គការ កូយកា បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយនៅថ្ងៃទី៦ខែមីនាឆ្នាំ២០២៦។
នៅក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបុកគ្រឹះសាងសាងជាផ្លូវការនៅពីរសៀលថ្ងៃទី៥មីនា នេះ ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា អគារមន្ទីរពេទ្យថ្មីនេះ មានកម្ពស់៥ជាន់ មានទំហំជាង៩០០០ម៉ែត្រការ៉េ ដោយចំណាយថវិកា១៦លាន៩៨ម៉ឺនដុល្លារ ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េដែលគ្រោងនឹងបញ្ចប់ការសាងសង់រហូតដល់ខែមករាឆ្នាំ២០២៨ ខាងមុខនេះ។
ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តថា អគារថ្មីនេះ អាចដាក់គ្រែបានចំនួន ១៩៦ គ្រែ និងមានកន្លែងសម្រាប់បណ្ដុះបណ្ដាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តា
ខេត្តផ្សេងៗ និងមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗ សម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រងនោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះ ទងសួត និងជំងឺអូទីសឹមជាដើម។
ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តទៀតថានៅពេលអគារនេះសាងសង់រួចរាល់នឹងជួយបង្កើនសមត្ថភាពរបស់មន្ទីរពេទ្យក្នុងការបម្រើសេវាជូនអ្នកជំងឺបានកាន់តែច្រើននិងប្រសើរជាងមុនខណៈក្នុងមួយឆ្នាំ មន្ទីរពេទ្យបានទទួលពិគ្រោះជំងឺជាមធ្យម ៣២ម៉ឺន នាក់ និងសម្រាកព្យាលក្នុងមន្ទីរពេទ្យជាមធ្យម ៥ម៉ឺន៥េពាន់នាក់ ក្នុងមួយឆ្នាំ។
គួរបញ្ជាក់ថាអគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់៥ជាន់នេះជាអគារមន្ទីរពេទ្យទី ២ ហើយ ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី ១ មានកម្ពស់ ៣ ជាន់ ដោយបានសាងសង់នៅឆ្នាំ ២០០៧ មានឈ្មោះថា អគារមិត្តភាពកម្ពុជា កូរ៉េ បានដាក់ដំណើរការនៅឆ្នាំ ២០០៩។ បន្ទាប់មកទៀត ដោយសារតម្រូវការរបស់មន្ទីរពេទ្យមានចំនួនអ្នកជំងឺកើនឡើងជាប្រចាំកូរ៉េបានធ្វើការជួសជុល និងពង្រីកឡើងវិញ នៅឆ្នាំ ២០១៣ និងដាក់ដំណើរការនៅឆ្នាំ ២០១៦៕



