លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ អញ្ជើញបើកសិក្ខាសាលាស្តីពី “ការស្រាវជ្រាវលើជំងឺផ្តាសាយបក្សីនៅកម្ពុជា ដោយប្រើវិធីសាស្ត្រសុខភាពតែមួយ៖ ផ្តើមពីកត្តាគំរាមកំហែង ប្រែក្លាយទៅជាការត្រៀមលក្ខណៈ”  

ភ្នំពេញ៖ ថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៦, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរៀបចំសិក្ខាសាលាស្តីពី “ការស្រាវជ្រាវលើជំងឺផ្តាសាយបក្សីនៅកម្ពុជា ដោយប្រើវិធីសាស្ត្រសុខភាពតែមួយ៖ ផ្តើមពីកត្តាគំរាមកំហែង ប្រែក្លាយទៅជាការត្រៀមលក្ខណៈ” ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ អញ្ជើញមកពីក្រសួងសុខាភិបាល, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង, មន្ទីរពេទ្យគន្ធបុប្ជា,  សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល,  វិទ្យាស្ថានជាតិសុខភាពសាធារណៈ, Wildlife Conservation Society (WCS), ភ្នាក់ងារបារាំង ANRS MIE, University Aix Marseilles, Institut de Recherche et Développement, Food and Agriculture Organization និងអង្គការសុខភាពពិភពលោក សរុប ៣៥ រូប។

ពិធីបើកធ្វើឡើងក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសម្តែងនូវគារវកិច្ច និងគោរពថ្លែងអំណរគុណចំពោះការផ្តល់វត្តមានរបស់គណៈអធិបតី និងបានរាយការណ៍ជាសង្ខេបជូនអង្គពិធីអំពីសារៈសំខាន់នៃការរៀបចំសិក្ខាសាលានេះ។

លោកសាស្រ្តាចារ្យ André Spiegel ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដែលជាការរួមចំណែកអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានសម្តែងនូវការអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ លោកជំទាវវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ និងប្រព្រឹត្តទៅចំពេលដែលប្រទេសកម្ពុជាកំពុងរៀបចំត្រៀមលក្ខណៈក្នុងការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោកជំទាវវេជ្ជបណ្ឌិត សង្ឃឹមថាភាគីពាក់ព័ន្ធនៅក្នុងក្រុមការងារនឹងដើរតួនាទីស្នូលមួយក្នុងការផ្តល់ និងផ្សព្វផ្សាយនូវភស្តុតាងវិទ្យាសាស្ត្រដល់គ្រប់ភាគីពាក់ព័ន្ធទាំងក្នុងប្រទេស ក្នុងតំបន់ និងអ្នកវិទ្យាសាស្ត្រលើពិភពលោក ដើម្បីជំរុញភាពធន់នឹងការឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលា។

លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ជាធាតុចូលសំខាន់ៗ សំដៅបង្កើតនូវយន្តការរួមមួយដើម្បីរៀបចំផែនទីតម្រង់ទិសការងារស្រាវជ្រាវ, កំណត់ចំណុចខ្វះខាតក្នុងការស្រាវជ្រាវ, បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួតរវាងគ្រប់ភាគីពាក់ព័ន្ធ និងលើកកម្ពស់ការស្រាវជ្រាវ ព្រមទាំងផ្តល់ឱកាសស្រាវជ្រាវទាក់ទងនឹងជំងឺឆ្លង ជាពិសេសជំងឺផ្តាសាយបក្សី A/H5N1 ដល់អ្នកស្រាវជ្រាវវ័យក្មេង និងនិស្សិត។

គួរជម្រាបជូនថា គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពង្រឹងសមត្ថភាពត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងជំងឺផ្តាសាយបក្សី A/H5N1 និងជំងឺឆ្លងថ្មីៗផ្សេងទៀតពីសត្វមកមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈការជំរុញកិច្ចសហការលើការស្រាវជ្រាវតាមបែប «សុខភាពតែមួយ (One Health)»។ សិក្ខាសាលានាថ្ងៃនេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីវិទ្យាសាស្ត្រផ្សេងៗទៀតជាច្រើនដែលសាកលវិទ្យាល័យគ្រោងប្រារព្ធរៀបចំឡើងដើម្បីអបអរសាទរខួបទី ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំ១៩៤៦ ដល់ ឆ្នាំ២០២៦៕