សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសវនាការជាមួយប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសវនាការជាមួយ ប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជាដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនា នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសកម្មភាពការងាររបស់ មជ្ឈមណ្ឌលនិងជាពិសេសនាទីស្វែងយល់ព្រះពុទ្ធ ដែលដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាបានចូលរួមអប់រំសីលធម៌សង្គម តាមមាគ៌ាព្រះពុទ្ធសាសនាជូនដល់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យសន្តិភាព របស់រាជរដ្ឋាភិបាល។
សម្តេចបានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក្ខដាក់ខ្ពស់ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ធ្វើឱ្យកម្ពុជាទទួលបាននូវការអភិវឌ្ឍ រីកចម្រើន និងមានសុខដុមនីយកម្មខាងសាសនា។ ជាមួយគ្នានេះ សម្តេចប្រធានបានជម្រាបជូនគណៈប្រតិភូ ពីស្ថានការណ៍ពិភពលោក ដែលមានការប្រែប្រួលកាន់តែស្មុគស្មាញ ការរំលោភបំពានច្បាប់អន្តរជាតិកាន់តែធ្ងន់ធ្ងរ អំពើហិង្សា និងសង្រ្គាមកើតមានស្ទើរគ្រប់តំបន់ ដែលបានប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ។
សម្តេចបានកត់សម្គាល់ថា ការលើកកម្ពស់សិទ្ធិស្រ្តី តែងផ្សារភ្ជាប់ទៅនឹងស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ចសង្គម។ បើសង្គមជាតិមានសង្រ្គាម នោះ”សិទ្ធិនារី” ក៏ធ្លាក់ចុះផងដែរ ហើយនារីគឺជាអ្នកដែលទទួលរងផលប៉ះពាល់មុនគេ។ ទិវាសិទ្ធិនារីនៅឆ្នាំនេះ នឹងប្រារព្ធរៀបចំក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ដែលជាមូលបទមួយមានអត្ថន័យជ្រាលជ្រៅ និងជាការបង្ហាញពីក្តីប្រាថ្នារបស់ស្រ្តីកម្ពុជាដែលកំពុងរងការលំបាកយ៉ាងខ្លាំងពីការឈ្លានពានរបស់បរទេស។
កម្ពុជាប្រកាន់ជំហរម៉ឹងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយផ្អែកលើច្បាប់អន្តរជាតិ គោរពគោលការណ៍សន្តិភាព។ ដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្រ្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដោយបានបង្ហាញពីការបំពេញបេសកកម្មការទូតឈា្លសវៃ បត់បែន «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចធិបតី ឈរលើគោលការណ៍សន្តិភាព យកពលរដ្ឋនិងប្រទេសជាតិជាអាទិភាព។ បេសកកម្មចម្បងរបស់រាជរដ្ឋាភិបាល គឺបន្តអនុវត្តការទូត ច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី រួមនឹងការឆ្លើយតបដោយប្រដាប់អាវុធ នៅពេលមានការឈ្លានពានទាំងកំរោល។ រាជរដ្ឋាភិបាលកំពុងបន្តធានាសន្តិសុខ សុវត្ថិភាព និងការមើលថែទាំសុខុមាលភាពប្រជាជន តាមរយៈការផ្តល់កិច្ចអន្តរាគមន៍ សង្គ្រោះ និងជំនួយនានា ជូនប្រជាជនទាន់ពេលវេលា រួមនឹងការបន្តការអភិវឌ្ឍ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានគោរពថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបសវនាការជាមួយគណៈប្រតិភូមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនានាឱកាសនេះ។ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការងារដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភា ដែលជាស្រ្តីគំរូ មួយរូបសម្រេចបានលទ្ធផលជាទីមោទន:ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ។ អ្នកឧកញ៉ាបានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ក៏ជាពុទ្ធសាសនូបត្ថម្ភកដ៏សកម្មនិងជ្រះថ្លាបំផុត ដែលបានចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនាតាំងពីដើមរហូតមក។ ឆ្លៀតនៅក្នុងឱកាសនោះ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ក៏បានប្រគល់ពានស្នាដៃ “គុណធម៌ “ ជូនសម្តេចរដ្ឋសភាធិបតី ជាការដឹងគុណ និងអរគុណចំពោះសម្តេច ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងថវិកា ដើម្បីជាតិនិងសាសនារហូតមក។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងអ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានយល់ស្របដូចគ្នាថា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម័យសម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះ បានដើរតាមគន្លងព្រះពុទ្ធសាសនាពិតប្រាកដ។ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានយោបាយសន្តិភាព សាបព្រោះនូវក្តីស្រឡាញ់ ក្តីមេត្តា។ ចំណែកយុទ្ធសាស្រ្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាន់យកគឺការអត់ធ្មត់ អហិង្សា ដែលនេះគឺជាធម៌ខន្តី ដែលមានខាងគុណធម៌ខ្ពស់បំផុត៕



