ឯកឧត្តម ឈិន កេតនា ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីរៀបចំផែនការលម្អិតសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីរៀបចំផែនការលម្អិតសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាល រាជធានីភ្នំពេញ ។

​យោងតាមលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា កាលបរិច្ឆេទនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានរយៈពេល ៣ថ្ងៃ ដែលទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី នឹងចុះមកគ្រងជម្ពូទ្វីប នៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨ នាទីព្រឹក។
​ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី លើកឡើងនូវចំណុចគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចប្រជុំនេះ គឺការសង្កត់ធ្ងន់លើបញ្ហាសន្តិសុខ ព្រមទាំងបានរំលឹកដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងអំឡុងពេលពិធីបុណ្យ ពិសេសស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹង និងប្រកបដោយគ្រោះថ្នាក់ ហើយខេត្តដែលនៅជាប់ព្រំដែនអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែមានការទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការងារនេះ ។

​ដើម្បីឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយភាពអធិកអធម ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី ប្រធានអង្គប្រជុំ បានដាក់ចេញនូវការណែនាំមួយចំនួនរួមមាន៖ គ្រប់ក្រសួងស្ថាប័នរដ្ឋលេខាធិការដ្ឋាន ត្រូវរៀបចំសារលិខិតថ្វាយព្រះសព្ទសាធុការពរជ័យ ថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ , ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះអង្គទាំងទ្វេ និងព្រះបរមរតនកោដ្ឋ ដោយមានតុបតែងលម្អផ្កាភ្ញី បំភ្លឺភ្លើងពណ៌ លើកបដាពាក្យស្លោក និងបង្ហូតទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ នៅតាមមន្ទីរ អង្គភាព វត្តអារាម និងសាលារៀន។

ជាទីបញ្ចប់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានជម្រុញឱ្យសមាជិក សមាជិកាទាំងអស់ រាយការណ៍ជូនថ្នាក់ដឹកនាំរៀងៗខ្លួន ដើម្បីធានាថាការអនុវត្តផែនការចូលឆ្នាំថ្មី ២០២៦ នេះ នឹងទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់ជាតិទាំងមូល៕