ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ ស្តីពី សន្តិភាព សន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ
សន្តិភាព សន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ ដើម្បីសម្តែងនូវមនោសញ្ចេតនានឹករលឹកបំផុតជូនចំពោះស្ត្រីគ្រប់រូបដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងសង្គម ជាពិសេស ក្នុងតួនាទីជាមាតា និងជាភរិយានៃគ្រប់ក្រុមគ្រួសារ គឺជាប្រធានបទក្នុងឪកាសអបអរសារទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦នេះ ដែលរៀបចំឡើងដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែរៀបចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ដើម្បីបង្កើតឱ្យមានយុទ្ធនាការនានា ក្នុងគោលបំណងរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្ត្រី និងក្មេងស្រី ដោយបានកំណត់ទិវានេះ ជាថ្ងៃឈប់សម្រាកផ្លូវការផងដែរ។
ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់យកការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹង ភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្ត្រី គឺជាស្នូល់» ស្របទៅនឹងទិសស្លោករបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដែលបានថ្លែងថា “នៅក្នុងផ្ទះ បើមិនមានភរិយាខ្លាំង មិនមានម្តាយល្អ នោះស្វាមីនិងឪពុកក៏ពិបាកនឹងមានឱកាសគ្រប់គ្រាន់ធ្វើរឿងជោគជ័យនៅខាងក្រៅដែរ”។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគាំទ្រនូវប្រធានបទខាងលើនេះ ជាពិសេសលទ្ធផលក្រោមកិច្ចសហការគ្នាបានយ៉ាងល្អក្នុងការចែករំលែកបទពិសោធន៍ ពីកិច្ចការពារផលប្រយោជន៍របស់ស្ត្រី និងកុមារនៅកម្ពុជា ទៅដល់គណកម្មាធិការអាស៊ាន ស្តីពី ការលើកកម្ពស់និងសិទ្ធការពារស្ត្រីនិងកុមារ ក្នុងន័យបន្តរំលេចតម្លៃសមភាពយេនឌ័រ និងលើកកម្ពស់តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រនៅគ្រប់ស្ថាប័ន បង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងភាពជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការចូលរួមកិច្ចការក្នុងសង្គម រហូតដល់គេចាត់ទុកស្ត្រី ជាមាតានៃពិភពលោក។



