អ្នកមានសិទ្ធិបោះឆ្នោតជាង១៩លាននាក់ ក្នុងចំណោមប្រជាជននេប៉ាល់ជាង៣០លាននាក់បានទៅបោះឆ្នោតជាលើកដំបូង នៅថ្ងៃនេះ បន្ទាប់ពីផ្ទុះការតវ៉ារបស់ក្រុម Gen-Z កាលពីឆ្នាំមុន 

ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសនេប៉ាល់បានបើកទ្វាហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីជ្រើសរើសមេដឹកនាំថ្មី ចាប់តាំងពីមានការបះបោរដ៏ហិង្សាដឹកនាំដោយយុវជន Gen Z កាលពីឆ្នាំមុន និងបានបង្ខំឱ្យរដ្ឋាភិបាលចុះចេញពីអំណាច។ កងកម្លាំងសន្តិសុខបានល្បាតតាមដងផ្លូវនានា និង យាមកាមតាមការិយាល័យបោះឆ្នោតនីមួយៗនៅទូទាំងប្រទេសក្នុងតំបន់ហិម៉ាឡៃមួយនេះ ដែលមានប្រជាជនប្រហែល៣០លាននាក់ ខណៈដែលអ្នកបោះឆ្នោតបាននឹងកំពុងចូលរួមបោះឆ្នោត និងរង់ចាំលទ្ធផលបោះឆ្នោតយ៉ាងអន្ទះសារដែរ។ ការរាប់សន្លឹកឆ្នោតនឹងចាប់ផ្តើមនៅរសៀលថ្ងៃព្រហស្បតិ៍ ហើយលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃចុងសប្តាហ៍នេះ។ មន្ត្រីបាននិយាយថា ទាំងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតមានសុវត្ថិភាព សន្តិភាពល្អ ហើយមិនមានរបាយការណ៍អំពីបញ្ហាណាមួយកើតឡើងឡើយ។ អាជ្ញាធរបានហាមឃាត់យានយន្តមិនឲ្យចរាចរណ៍ពីតាមដងផ្លូវមួយចំនួន និងហាមឃាត់ការជួបជុំរបស់បក្សនយោបាយ និងការជួបជុំសាធារណៈនានាអំឡុងពេលបោះឆ្នោត។ យុទ្ធនាការផ្សព្វផ្សាយគ្រប់ទម្រង់ត្រូវបានហាមឃាត់នៅថ្ងៃបោះឆ្នោតដែរ។ អ្នកបោះឆ្នោតដែលបានរង់ចាំចូលបោះឆ្នោត បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា៖ ខ្ញុំសង្ឃឹមថាការបោះឆ្នោតលើកនេះ នឹងនាំមកនូវការផ្លាស់ប្តូរថ្មីនៅក្នុងប្រទេសនេប៉ាល់ របស់ពួកយើង ដែលនោះហើយជាអ្វីដែលពលរដ្ឋនេប៉ាល់គ្រប់គ្នាកំពុងស្វែងរក ហើយនោះក៏ជាអ្វីដែលការបះបោររបស់យុវជន Gen Z ទាំងអស់ចង់បានដែរ។ យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតនេប៉ាក់បានឲ្យដឹងថាមានប្រជាជនជិត ១៩ លាននាក់គឺមានសិទ្ធិបោះឆ្នោត។ អ្នកបោះឆ្នោតកំពុងបោះឆ្នោតដោយផ្ទាល់សម្រាប់សមាជិកចំនួន ១៦៥ រូបទៅកាន់សភាតំណាងរាស្ត្រ ដែលជាសភាជាន់ទាបក្នុងរដ្ឋសភា។ អាសនៈចំនួន ១១០ ដែលនៅសល់នៅក្នុងស្ថាប័នដែលមានសមាជិក ២៧៥ រូបនឹងត្រូវបានបែងចែកតាមរយៈប្រព័ន្ធតំណាងសមាមាត្រ ដែលគណបក្សនយោបាយតែងតាំងជាសមាជិកសភាដោយផ្អែកលើចំណែកនៃសន្លឹកឆ្នោតរបស់ពួកគេ។ ការបោះឆ្នោតនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការប្រកួតប្រជែងបីផ្លូវ ដែលបង្កើតឡើងដោយការខកចិត្តរបស់អ្នកបោះឆ្នោតកន្លងទៅចំពោះអំពើពុករលួយទ្រង់ទ្រាយធំ មានទាំងការដាក់កូនអ្នកធំតាមក្រសួងស្ថាប័ន ភាពគ្មានការងារធ្វើរបស់យុវជន និង សេវាសាធារណៈមានកម្រិត ដែលធ្វើឲ្យពលរដ្ឋមិនពេញចិត្យ និង ទាមទារឱ្យមានការទទួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាលឲ្យបានច្រើនជាងមុនដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ