រដ្ឋមន្ត្រីសុខាភិបាល÷ កម្មវិធីគ្រុនចាញ់ ត្រូវប្តេជ្ញារួមគ្នារក្សាឱ្យបាន «មិនឱ្យមានករណីជំងឺគ្រុនចាញ់ឆ្លងថ្មីក្នុងប្រទេសកម្ពុជាឡើយ» ដើម្បីត្រៀមលក្ខណៈស្នើសុំវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក បញ្ជាក់ពីការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាស ឯកឧត្តមអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមប្រធានបទ៖ «រួមគ្នាដើម្បីកម្ពុជា គ្មានជំងឺគ្រុនចាញ់ គ្មានជំងឺព្រូនស៊ីស្តូ ក្រោយឆ្នាំ២០២៥» នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់បន្តថា  ក្នុងការប្រយុទ្ធនឹងជំងឺឆ្លង និងជំងឺមិនឆ្លង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការពង្រឹងសេវាសុខភាពបឋមនៅតំបន់ដាច់ស្រយាល។ ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់លើការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់សមត្ថភាពមន្ត្រីសុខាភិបាល ការពង្រឹងការធ្វើអភិបាលកិច្ច និងការជំរុញសុខាភិបាលឌីជីថល (Digital Health) ព្រមទាំងការពង្រឹងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ក្នុងគោលបំណងឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ការកែលម្អគុណភាព ប្រសិទ្ធភាព ស័ក្តសិទ្ធភាព និងសមធម៌សេវាសុខាភិបាលជូនប្រជាជន។

ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុង ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ បានសម្រេចជោគជ័យនូវគោលដៅគន្លឹះទាំងអស់ ក្នុងផែនការយុទ្ធសាស្រ្តជាតិ ពិសេសនៅទូទាំងប្រទេសមិនត្រូវបានរកឃើញនូវវត្តមានករណីជំងឺគ្រុនចាញ់ឆ្លងថ្មីចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្ន។

ទន្ទឹមនេះ ដើម្បីភាពប្រសើរឡើងបន្ថែមទៀត និងនវានុវត្តន៍ ទាំងគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងនិរន្តរភាពកម្មវិធីជាតិទាំងបី បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏មន្រ្តីសុខាភិបាលត្រូវថែទាំ ពិនិត្យ ព្យាបាល និងត្រូវនៅក្បែរប្រជាជនជានិច្ចប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការបម្រើសេវាជូនប្រជាជន និងឆ្លើយតបរហ័សយ៉ាងសកម្មតាមកាលៈទេសៈ។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានបន្ថែមថា  ការចូលរួមចំណែកជាមួយអង្គសន្និបាតទាំងមូល ដែលបានចូលរួមយ៉ាងសកម្មពីគ្រប់សមាជិក សមាជិកាក្នុងរយៈពេល ១ថ្ងៃ កន្លងមកនេះ  ឯកឧត្តមសូមផ្តល់នូវមតិតម្រង់ទិសមួយចំនួនថែមទៀតសម្រាប់យកទៅធ្វើជាគតិផ្សាភ្ជាប់ផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤ ប្រកបដោយគណនេយ្យភាព និងតម្លាភាព ដូចខាងក្រោម ៖

1.  រួមគ្នាដើរឆ្ពោះទៅមុខ ខិតខំអនុវត្តកម្មវិធីជាតិទាំងបី ឱ្យកាន់តែប្រសើរឡើង បន្ថែមទៀតទាំងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងប្រកបដោយសមធម៌។

2.  ត្រូវពង្រឹង និងពង្រីកមូលធនមនុស្សប្រកាន់យកភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ មានការទទួលខុសត្រូវខ្ពស់បំផុតលើតួនាទី និងភារកិច្ច មានឆន្ទៈមុតស្រួច និងបុរេសកម្ម

3.  ត្រូវស្គាល់ឱ្យបានច្បាស់លាស់នូវវឌ្ឍនភាពសមិទ្ធកម្ម និងរួមគ្នាកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយទាន់ពេលវេលាលើការវិភាគដោះស្រាយរាល់បញ្ហាប្រឈមឱ្យស្របតាមកាលៈទេសៈ

4.  ត្រូវពង្រីកសមត្ថភាព និងវិសាលភាពប្រព័ន្ធសេវាស្របតាមយុគសម័យឌីជីថល និងបច្ចេកវិទ្យា

5.  កម្មវិធីគ្រុនចាញ់ ត្រូវប្តេជ្ញារួមគ្នារក្សាឱ្យបាន «មិនឱ្យមានករណីជំងឺគ្រុនចាញ់ឆ្លងថ្មីក្នុងប្រទេសកម្ពុជាឡើយ» ដើម្បីត្រៀមលក្ខណៈស្នើសុំវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក បញ្ជាក់ពីការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា។

6.  មជ្ឈមណ្ឌលជាតិ ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួសរាន់រៀបចំផែនការយុទ្ធសាស្រ្តបន្តឆ្នាំ២០២៦-២០៣៥ ដើម្បីភាពរឹងមាំ និងនិរន្តរភាពការងារកៀរគរធនធានសម្រាប់អនុវត្តការងារក្រោយជំងឺគ្រុនចាញ់ត្រូវបានលុបបំបាត់។

7.  កម្មវិធីគ្រុនឈាម ត្រូវពង្រឹងដោយបុរេសកម្ម តាមដានស្ថានភាពជំងឺ និងការអន្តរាគមន៍ឆ្លើយតបចំគោលដៅទាន់ពេល ដើម្បីកាត់បន្ថយអត្រាស្លាប់រហូតដល់សូន្យ និងកាត់បន្ថយអត្រាអ្នកជំងឺគ្រុនឈាមឱ្យមកនៅទាបបំផុត តាមរយៈការពង្រឹងគុណភាព និងប្រសិទ្ធភាពការងារអប់រំសុខភាព ការលុបបំបាត់ប្រភពបង្កបង្កើតភ្នាក់ងារចម្លងមូសខ្លា ការដាក់ថ្នាំសម្លាប់ដង្កូវទឹក និងបាញ់ថ្នាំ។

8.  កម្មវិធីដង្កូវព្រូន ត្រូវបង្កើនសកម្មភាពតាមដានស្រាវជ្រាវ ផ្សព្វផ្សាយអប់រំសុខភាព និងផ្តល់ថ្នាំទម្លាក់ព្រូនដល់សាលារៀន និងសហគមន៍ ដើម្បីកាត់បន្ថយការឆ្លង និងការរីករាលដាល តាមរយៈការសហកាគ្នាមណ្ឌលសុខភាព និងសាលារៀន។

9.  ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សូមបន្តការទទួលខុសត្រូវ និងពង្រីកវិសាលភាពសកម្មភាពការងារលើការលើកទឹកចិត្តថ្នាក់មូលដ្ឋានផ្ទាល់ឱ្យបន្តខិតខំអនុវត្ត នូវផែនការសកម្មភាពការងាររបស់កម្មវិធីជាតិទាំងបី ផ្តោតលើគុណភាព និងប្រសិទ្ធភាព ពិសេសការកៀរគរការចូលរួមរបស់ប្រជាពលរដ្ឋ និងសហគមន៍ លើកកម្ពស់អនាម័យផ្ទះសំបែង បរិស្ថានល្អ និងរស់នៅស្អាត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ក្រសួង មន្ទីរ អង្គភាព គ្រឹះស្ថានពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍ និងដៃគូអនុវត្តនានា ជាពិសេសមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលបានសហការ សហប្រតិបត្តិការ សម្របសម្រួល និងអនុវត្តសកម្មភាពប្រយុទ្ធ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន យ៉ាងមានប្រសិទ្ធភាព និងអភិវឌ្ឍនភាពសម្រេចគោលដៅរួមយ៉ាងរលូន បត់បែន ទន់ភ្លន់ រឹងមាំ និងសាមគ្គីភាពខ្ពស់។