អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែថ្មី ដែលជាអំណោយរបស់សប្បុរសជន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង
ក្រុងព្រះសីហនុ៖ នារសៀលថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារបច្ចេកទេស រួមមានអភិបាលក្រុង ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្លូវបេតុងអាមេ (បេតុងឆ្អឹងដែក) ចំនួន ២ខ្សែ ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដែលជាការចូលរួមចំណែកពីវិស័យឯកជនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។
តាមការបញ្ជាក់ពីមន្ត្រីជំនាញ គម្រោងផ្លូវទាំង ២ខ្សែនេះ រួមមាន ខ្សែទី១ ទីតាំងប៉ោ សួន ដែលស្ថិតនៅភូមិ១ សង្កាត់លេខ៣ មានប្រវែង ៣៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ព្រមទាំងមានរៀបចំប្រព័ន្ធលូទឹកភ្លៀងអមសងខាងផ្លូវ។ ផ្លូវខ្សែនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ ប្រាក់ សុខា។ ខ្សែទី២ ផ្លូវលេខ ៨៣៣ ដែលស្ថិតនៅភូមិ៥ សង្កាត់លេខ៤ មានប្រវែង ១,២០០ម៉ែត្រ ទទឹង ១២,២៥ម៉ែត្រ និងកម្រាស់ ០,២០ម៉ែត្រ រួមជាមួយប្រព័ន្ធលូអមសងខាងផ្លូវ ដែលជាអំណោយរបស់សប្បុរសជនផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ប្រាក់ សុខា និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីជួយរដ្ឋបាលខេត្តក្នុងការកសាងសមិទ្ធិផលសង្គម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរួមចំណែករបស់សប្បុរសជន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងជួយលើកកម្ពស់សោភ័ណភាពក្រុងព្រះសីហនុ ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏មានសក្តានុពលនៅភាគនិរតីនៃប្រទេសកម្ពុជា។
ដើម្បីធានាបាននូវគុណភាពផ្លូវ និងសោភ័ណភាពយូរអង្វែង ចៀសវាងការជីកកកាយក្រោយពេលសាងសង់រួច ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីបច្ចេកទេសឱ្យយកចិត្តទុកដាក់លើចំណុចសំខាន់ៗដូចជា ត្រូវតភ្ជាប់បណ្តាញទឹកស្អាត អគ្គិសនី និងទុយោខ្សែកាប (WIFI) ឱ្យបានរួចរាល់ក្នុងពេលតែមួយ។ បញ្ឈប់ការអូសខ្សែរញ៉េរញ៉ៃលើអាកាស ដែលបង្កឱ្យបាត់បង់សោភ័ណភាព និងអនាម័យទីក្រុង។
តាមរយៈសមិទ្ធិផលថ្មីៗទាំងនេះ រដ្ឋបាលខេត្តរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាអ្នកវិនិយោគឱ្យមកកាន់ខេត្តតំបន់ឆ្នេរកាន់តែច្រើនឡើង ដែលជាផ្នែកមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕
សម្រួលអត្ថបទ៖ ស្រីមុំ



