មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ  អំពាវនាវ ដល់មហាជន ចុះឈ្មោះចូលរួម រត់ប្រណាំងអន្តរជាតិ នៅខេត្តព្រះសីហនុ ដើម្បីផ្លាស់ប្តូរបរិយាកាស ដ៏ស្រស់ស្រាយ នៅតំបន់ឆ្នេរ ខេត្តព្រះសីហនុ

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវដល់កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ ចូលរួមក្នុងទិវារត់ប្រណាំង អន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅតំបន់ឆ្នេរដ៏ស្រស់ស្អាត នាខេត្តព្រះសីហនុ។ ការអំពាវនាវ របស់ឯកឧត្តម អគ្គលេខាធិការ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីទិវារត់ប្រណាំង អន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ មានអ្នកចុះឈ្មោះជាតិ-អន្តរជាតិបានប្រមាណ ២០០០នាក់ហើយ ក្នុងនោះអ្នករត់ខ្មែរជាង ១៧០០នាក់ និងបរទេសជាង ៣០០នាក់ ខណៈក្តីរំពឹងថា នឹងអាចមានអ្នកបន្តចុះឈ្មោះចូលរួមជិត ដល់ថ្ងៃព្រឹត្តិការណ៍ អាចនឹងកើនឡើងដល់ជាង ២៥០០នាក់។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវដល់កីឡាករ កីឡាការិនី រត់ប្រណាំងនានា ដែលធ្លាប់ចូលរួម រត់ប្រណាំង នៅព្រឹត្តិការណ៍ផ្សេង ទីតាំងផ្សេងៗសូមអញ្ជើញចុះឈ្មោះឱ្យបានទាន់ពេលវេលា ទៅទទួលយកនូវការរត់ប្រណាំងនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតទាក់ទាញ ដើម្បីផ្លាស់ប្តូរអារម្មណ៍នៃបរិយាកាសដ៏ស្រស់ស្រាយ នាព្រឹកថ្ងៃទី២២ ខែមីនា ឆាប់ៗខាងមុខនេះឱ្យបានច្រើនកុះករ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ បានបន្តទៀតថា ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង លើកទី១១ ឆ្នាំ២០២៦ ដែលគ្រោង នឹងធ្វើឡើងនាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នៅខេត្តព្រះសីហនុ ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដែលឱ្យយើងអភិវឌ្ឍវិស័យកីឡាទេសចរណ៍ កីឡាមហាជន នៅតំបន់ឆ្នេរសមុទ្រសក្តានុពលដ៏ស្រស់ស្អាតនៅខេត្តមួយនេះ ដែលជាសមាជិកឆ្នេរស្អាតជាងគេនៅលើពិភពលោក។ ព្រឹត្តិការណ៍កីឡារត់ប្រណាំងនេះត្រូវរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធជំនាញ ដោយមានការចូលរួមត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងទទួលស្គាល់ ព្រមទាំងជួយផ្សព្វផ្សាយទៅកាន់ពិភពលោកដោយគណៈកម្មការម៉ារ៉ាតុងអន្តរជាតិផងដែរ។

ចំពោះគោលបំណងសំខាន់ៗ នៃទិវារត់ប្រណាំងអន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុនេះត្រូវបានឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ទី១.ការរៀបចំផ្លូវរត់នៅតំបន់ឆ្នេរសមុទ្រដ៏ស្អស់ស្អាតជាងគេ និងវែងជាងគេ ដោយយើងមានមោទនភាពនោះគឺមានលក្ខណៈពិសេសសម្រាប់កម្ពុជា ហើយបន្តចូលរួមថែរក្សាការពារបរិស្ថានតាមតំបន់ឆ្នេរ ដែលជាសមាជិកឆ្នេរស្អាតជាងគេនៅលើពិភពលោក។ ទី២.បន្តការរៀបចំទិវារត់ប្រណាំងអន្តរជាតិនេះដើម្បីគោលដៅសប្បុរសធម៌ដដែល ដោយការទទួលភាគផលពីការចុះឈ្មោះចូលរួមរបស់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ និងដៃគូឧបតម្ថម្ភនឹងបរិច្ចាគទៅកាន់ផ្នែកសប្បុរសធម៌ ខណៈចំណុចសំខាន់ទី៣ នៅតែបន្តរួមចំណែកជួយជ្រោមជ្រែងដល់ការថែរក្សាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកីឡារត់ប្រណាំងនេះ។

ឯកឧត្តម គូសបញ្ជាក់ថា ការរៀបចំទិវារត់ប្រណាំងអន្តរជាតិ នៅខេត្តព្រះសីហនុនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរខេត្ត ជាពិសេសឯកឧត្តមអភិបាលខេត្តព្រះសីហនុតែម្តង ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ផ្តល់ទំនុកចិត្តយ៉ាងកក់ក្តៅជាទីបំផុត ដើម្បីជំរុញឱ្យទិវារត់ប្រណាំងដ៏ធំប្រចាំឆ្នាំមួយនេះមានភាពរលូន សុវត្ថិភាពផ្លូវរត់សម្រាប់អ្នករត់ទាំងអស ក៏ដូចជាព្រឹត្តិការណ៍ទាំងមូលផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបង្ហាញមហិច្ឆតាក្នុងការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ដែលមានវិញ្ញាសាគោល ២១គីឡូម៉ែត្រទៅជាទិវាម៉ារ៉ាតុង ចម្ងាយរត់ ៤២គីឡូម៉ែត្រ នាថ្ងៃអនាគតផងដែរ។

ជាមួយគ្នានេះដែរ លោក សែម ផល្លា នាយកចាត់ការទូទៅ ទិវារត់ប្រណាំង អន្តរជាតិ នៅកម្ពុជា បានឲ្យដឹងដែរថា សម្រាប់តម្រាយផ្លូវរត់ឆ្នាំនេះ បានត្រូវកែសម្រួលកាន់តែប្រសើរបន្ថែមទៀត ដោយផ្តល់ឱកាសឱ្យអ្នករត់ទាំងអស់បានរត់នៅតាមផ្លូវស្របតាមតំបន់ឆ្នេរកាន់តែច្រើន។ ចំពោះទីតាំងចេញដំណើរ និងដល់ទីគ្រោងធ្វើឡើងនៅតំបន់អូរឆើទាលដដែល។ សម្រាប់ការវាស់វែងតម្រាយផ្លូវរត់ត្រូវបាន World Marathon បញ្ជូនអ្នកជំនាញចុះមកវាស់វែងយ៉ាងលម្អិត ដោយយើងមិនអាចវាស់វែងដោយខ្លួនឯងនោះទេ ពីព្រោះនេះជាខ្នាតអន្តរជាតិ និងជាព្រឹត្តិការណ៍អន្តរជាតិ ដោយកម្ពុជាជាសមាជិកពេញសិទ្ធិរបស់អន្តរជាតិ៕