«ឯកឧត្តម សុខ សូកេន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា និងប្រកាសបំពេញបន្ថែមសមាសភាពសមាគមនារី ន.ក.ស.អ ក្រសួងអធិការកិច្ច»

(រាជធានីភ្នំពេញ)៖ នៅទីស្ដីការក្រសួងអធិការកិច្ច នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ព្រមទាំង លោកជំទាវ ចម ក្រស្នា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (ន.ក.ស.អ) ក្រសួងអធិការកិច្ច បានអញ្ជើញរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគម ន.ក.ស.អ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកជំទាវអ្នកឧកញ៉ា និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ ក៏មានការប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគម ន.ក.ស.អ ក្រសួងអធិការកិច្ច ផងដែរ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន បានរំលេចថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការរស់នៅ និងការអភិវឌ្ឍ ជាពិសេសសម្រាប់ស្ត្រី និងកុមារី។ ឯកឧត្តមបានសង្កត់ធ្ងន់ពីមរតកនៃ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានបង្កើតបរិយាកាសអំណោយផលឱ្យស្ត្រីក្លាយជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ បន្តពីមរតកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីបន្តជំរុញតួនាទីស្ត្រីឱ្យកាន់តែមានសក្តានុពល ទាំងក្នុងវិស័យសាធារណៈ នយោបាយ និងវិស័យឯកជន។

ជាមួយគ្នានោះដែរ លោកជំទាវ ចម ក្រស្នា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគម ន.ក.ស.អ ក្រសួងអធិការកិច្ច បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងយន្តការសម្របសម្រួលការងារនារីក្នុងក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងបន្តខិតខំលើកកម្ពស់សិទ្ធិ តួនាទី និងសុខុមាលភាពរបស់មន្ត្រីរាជការជាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយសមាគម ន.ក.ស.អ ក្នុងបុព្វហេតុថែរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំជាស្រ្តីគ្រប់ជំនាន់ ជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាថ្នាក់ដឹកនាំស្ត្រីគំរូ ក្នុងការដឹកនាំវិស័យអធិការកិច្ចឱ្យទទួលបានសមិទ្ធផលជាច្រើន និងការលើកកម្ពស់សិទ្ធិនារីនៅកម្ពុជា។ ឯកឧត្តមក៏បានអបអរសាទរចំពោះស្ត្រីគ្រប់រូប ជាពិសេស លោកជំទាវ ចម ក្រស្នា ក៏ដូចជាសមាជិកានៃគណៈកម្មការសាខាសមាគម ន.ក.ស.អ ក្រសួងអធិការកិច្ចទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍសង្គមជាតិ៕